ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីបិទ ការប្រកួតកីឡាជាតិ លើកទី ៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយសហព័ន្ធកីឡាជាតិទំាង៣៦ ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង និងប្រកបដោយមោទនភាព ចំពោះការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើក ទី២ ឆ្នាំ២០២៤ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដែលបានដំណើរការដោយរលូន និងប្រកបដោយជោគជ័យត្រចះត្រចង់ក្នុងរយៈពេល១០ថ្ងៃ កន្លងមកនេះ ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា “ខ្ញុំសូមកោតសរសើរដ៏ស្មោះ ចំពោះកិច្ចសហការគ្នាយ៉ាងល្អ រវាងសហការីនៃក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបង្កលក្ខណៈដំណើរការ រៀបចំការប្រកួតប្រកបដោយរលូនតាមការរំពឹងទុក ។ ខ្ញុំក៏សូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះលោក លោកស្រីជាចៅក្រម អាជ្ញាកណ្តាល គណៈកម្មាការរៀបចំការប្រកួត ប្រតិភូកីឡាក្រសួង និងរាជធានីខេត្តទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ ការរៀបចំដំណើរការប្រកួត និងបានអនុលោម តាមបទបញ្ញត្តិបច្ចេកទេស នៃប្រភេទកីឡានីមួយៗប្រកបដោយការទទួលខុសត្រូវខ្ពស់។ ខ្ញុំសូមកោតសរសើរ និងចូលរួមអបអរសាទរជាមួយនឹងកីឡាករ កីឡាការិនី ជ័យលាភីទាំងអស់ ដែលបានខិតខំ និងលះបង់កម្លាំងកាយចិត្តនិងពេលវេលា ក្នុងការហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាព រហូតដណ្តើមបានមេដាយជ័យលាភី ប្រកបដោយស្មារតីមោះមុត សាមគ្គីភាព និងការគោរពវិន័យ និងបទបញ្ជាប្រកួតបានយ៉ាងល្អប្រសើរ” ។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩ ទាមទារឲ្យកម្ពុជា ត្រូវមានសមត្ថភាពពេញលេញលើគ្រប់ទិដ្ឋភាព និងមានធនធានចាំបាច់ និងគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់អាស៊ីដ៏ធំនេះឱ្យបានល្អ និងរលូនប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការចូលរួមការ ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា ដូចដែលកម្ពុជាធ្លាប់ ទទួលបានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ កន្លងមក ។

ក្រសួងអប់រំ យុវជន និង កីឡានឹងបន្តពង្រឹង យន្តការកំណែទម្រង់វិស័យកីឡាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តកិច្ចសហការ លក្ខណៈជាប្រព័ន្ធ ក្នុងស្មារតីមហាគ្រួសារ កីឡាកម្ពុជាជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់វិស័យកីឡាជាតិ ឱ្យមានការរីកចម្រើនទៅមួយកម្រិតបន្ថែមទៀត ជាពិសេសការរៀបចំកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ និងការត្រៀមលក្ខណៈឆ្ពោះទៅ ការរៀបចំការប្រកួតកីឡាយុវជន អាស៊ីលើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ នៅឆ្នាំ២០២៩ ព្រមទាំងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតតំបន់ និងកម្រិតទ្វីបដទៃទៀត នាពេលខាងមុខ ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមទៀតថា ជាថ្មីម្តងទៀត ខ្ញុំសូមអបអរសាទរដល់កីឡាករ ការិនី ជ័យលាភីទាំងអស់ ជាពិសេស កីឡាករ កីឡាការិនីប៉ារ៉ាឡាំពិក ដែលសម្រេចបានសមិទ្ធផលថ្មីក្នុងកំណត់ត្រាខាងផ្នែក គុណផលកីឡា និងសូមគាំទ្រ និងលើកទឹកចិត្តដល់កីឡាករ ការិនីទាំងអស់ ទោះជាពុំទាន់ទទួលបានជ័យលាភីនៅឡើយ ត្រូវបន្តការខិតខំបង្កើនកម្រិតសមត្ថភាពបន្ថែមទៀត ព្រមទាំងទាញយក បទពិសោធន៍ដែលទទួលបានពីការប្រកួតកន្លងមកដើម្បីឈានទៅសម្រេចបានសមិទ្ធផល និងការបំបែកកំណត់ត្រាផ្ទាល់ខ្លួននាពេលអនាគត។




