ភ្នំពេញ៖ កីឡាករកីឡាកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយ ឈ្នះមេដាយសំរិទ្ធ ១ គ្រឿងលើវិញ្ញាសា Men’s Sports Physique over 180cm +4Kg ក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានបញ្ជូនក្រុមគណៈប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក កីឡាករកាយវប្បកម្មនៃចំនួន ៣នាក់ ចូលរួម។
លោក តឹក ប៊ុនវី ប្រធានដឹកនាំ និងជាចៅក្រមបានប្រាប់តាមអនឡាញពីសាធារណរដ្ឋម៉ាល់ឌីវថា កីឡាករកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយឈ្នះមេដាយសំរិទ្ធ ១ គ្រឿងលើវិញ្ញាសា Men’s Sports Physique over 180cm +4Kg នៃការប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោក ខណៈកីឡាករកាយវប្បកម្ម ថៃ ទទួលបានមេដាយមាស និងកីឡាករកាយវប្បកម្មតាហិតទីទទួលបានមេដាយប្រាក់ ។

លោកស្រី អេមី សារីរ៉ឺម គ្រូបង្វឹក បានប្រាប់ឲ្យដឹងថា កីឡាករ ឃូ ឃាងហ៊ុយ ធ្លាប់បទទួលបានមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០២៣ និងម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី៥៦ ឆ្នាំ២០២៤ “The 56th ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS” នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី។

លោកស្រីបានបន្តថា ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ មានកីឡាករមកពីជាង ៥០ ប្រទេសចូលរួម អាចច្រើនជាងការប្រកួតជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០២៣ ទៅទៀត ដូចនេះកីឡាករ ឃូ ឃាងហ៊ុយ នៅតែដណ្តើមមេដាយសំរិទ្ធជូនប្រទេសកម្ពុជាបានដដែល។
សហព័ន្ធបានបញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក និងកីឡាករ ៣នាក់ ទៅចូលរួមប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ រួមមានរូបលោក ប្រធានដឹកនាំ និងជាចៅក្រម លោកស្រី អេមី សារីរ៉ឺម គ្រូបង្វឹក និងកីឡាករ យូ ឃាងហ៊ុយ៕
ដោយ៖ លី ភីលីព
