ភ្នំពេញ ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង ជាអនុប្រធានចិន្ត្រៃយ៍ គណៈកម្មការ បច្ចេកទេស ប្រណាំងទូក បានដឹកនាំកិច្ចប្រជុំ ជាមួយសមាជិក គណៈកម្មការបច្ចេកទេស កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ដើម្បីត្រួតពិនិត្យសមាសភាពសមាជិក និងបែងចែកភារកិច្ច គ្រប់សមាសភាពគណៈកម្មការ ក្រុមការងារ។

គណៈកម្មការបច្ចេកទេសប្រណាំងទូក ត្រូវបានបង្កើតឡើង ដោយគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ សម្រាប់បម្រើដល់ការប្រកួតទូក នៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង។

លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា គណៈកម្មការនេះ មានភារកិច្ចដឹកនាំគ្រប់គ្រង និងទទួលខុសត្រូវលើដំណើរ ការ នៃការរៀបចំបច្ចេកទេស ក្នុងការប្រកួត ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ គណៈកម្មការកណ្តាល ទទួលបន្ទុករួម មានសិទ្ធិប្រើប្រាស់ ធនធានមនុស្ស មធ្យោបាយ សម្ភារពាក់ព័ន្ធរបស់សាមីក្រសួង ដើម្បីសម្របសម្រួលការងាររបស់ខ្លួន។ គណៈកម្មការប្រគល់ជូនឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញឲ្យដំណើការរៀបចំបច្ចេកទេស ការប្រណាំងទូកទាំង៣ថ្ងៃ នៅតាមគោលដៅទីតាំងរបស់ខ្លួន ឲ្យដំណើរការដោយរលូន ក្រោមស្មារតីទទួលខុសត្រូវខ្ពស់។

លោកអនុប្រធានអចិន្ត្រៃយ៍ បានបន្តថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានចំនួនទូកអុំ និងទូកចែវកើនឡើងជាង១០ទូក បើប្រៀបធៀនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២៣ កន្លងទៅ ដែលមានចំនួន សរុប ៣៣៧ទូក និងមានចំណុះទូកជាកីឡាករ កីឡាការិនីបានកើនឡើងដូចគ្នាកាលពីឆ្នាំ២០២៣កន្លងទៅ ដែលមានកីឡាករ កីឡាការិនីសរុប ២០ ៤១៧ នាក់ ៕



