ភ្នំពេញ ៖ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំកិច្ចប្រជុំ ត្រៀមលក្ខណៈសម្បត្តិក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAME 2025 លើកទី៣ ប្រទេសថៃ ជាមួយអគ្គលេខាធិការ និងគ្រូបង្វឹករបស់សហព័ន្ធកីឡាជាតិទំាងអស់ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2025 លើកទី៣ ប្រទេសថៃ មាន ៥០ ប្រភេទកីឡាលើក ៥៦៩ វិញ្ញាសា និងមានកីឡាមប្រុងចំនួន ៣ រួមមានកីឡាចោលថាស កីឡាទាញព្រ័ត្រ និងកីឡាហោះហើរ រីឯព្រឹត្តិការណ៍ការប្រកួតជាផ្លូវការចាប់ផ្តើមពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ។
ចំណែកប្រទេសកម្ពុជានឹងដាក់កីឡាចំនួន ៤០ ប្រភេទ ចំពោះកីឡាវ៉ូវីណាមដែលជាប្រភេទកីឡាមានសក្តានុភាពរបស់កម្ពុជា និងកីឡារាំមិនមានក្នុងការប្រកួតកីឡា SEA GAME 2025 ឡើយ។ សហព័ន្ធកីឡាជាតិដែលមានឈ្មោះត្រូវបញ្ជូនក្រុមកីឡាករ-កីឡាការិនី SEA GAME 2025ត្រូវជំរុញការហ្វឺកហាត់យ៉ាងសកម្មតាមប្រភេទកីឡានីមួយៗ
លោកអគ្គលេខាធិការ បានបន្តថា លោកបានជំរុញឲ្យសហព័ន្ធកីឡាជាតិធ្វើការហ្វឺកហាត់ឲ្យទៀងទាត់ និងសកម្មសម្រាប់កីឡាករ-កីឡាការិនីក្នុងប្រទេសកម្ពុជា និងកីឡាករ-កីឡាការិនីមានលក្ខណៈសម្បត្តិល្អប្រសើរ ទេពកោសល្យពិសេសត្រូវធ្វើការហ្វឹកហាត់នៅក្រៅប្រទេស ។
សហព័ន្ធជាតិត្រូវប្រមូលកីឡាករ-កីឡាការិនីដែលមានឈាមជ័រជាខ្មែររស់នៅក្រៅប្រទេស ដើម្បីឲ្យពួកគាត់ត្រៀមលក្ខណៈឡើងវិញ មុនការប្រកួតកីឡា SEA GAME 2025 មកដល់៕