ភ្នំពេញ ៖ កីឡាករកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយ ម្ចាស់មេដាយសំរិទ្ធ ១ ពិភពលោកឆ្នាំ២០២៤ បានប្រាប់ឲ្យដឹងថា ក្រោយពី បញ្ចប់ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ នេះ រូបលោកនឹងបន្ត ធ្វើការហ្វឹកហាត់ យ៉ាងសកម្មបន្ថែមទៀត ដើម្បីឲ្យទទួលបាន លទ្ធផលល្អ ជាងនេះជូនប្រទេសជាតិ និងសហព័ន្ធរបស់លោក។
កីឡាករកាយវប្បកម្មកម្ពុជា បានលើកឡើងនាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានមកដល់ប្រទេសកម្ពុជាវិញហើយ ខណៈកីឡាករកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយ ដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿងលើវិញ្ញាសា Men’s Sports Physique over 180cm +4Kg ក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
កីឡាកររូបនេះបានបន្តថា ការប្រកួតជើងឯកពិភពលោកនេះកីឡាករមកពីបណ្តាលប្រទេសជាង ៥០ សុទ្ធសឹងជាកីឡាករល្អ មិនចាញ់ការប្រកួតជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០២៣ឡើយ ដូច្នេះលោកស្រី អេមី សារីរ៉ឺម គ្រូបង្វឹករបស់លោកបានជំរុញឲ្យលោកធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ទំាងកម្លាំង ថាមពល បច្ចេកទេស និងសាច់ដុំ។
ម្ចាស់មេដាយសំរិទ្ធ ១ ពិភពលោកឆ្នាំ២០២៤ បានបញ្ជាក់ថា នេះជាលើកទី៣ ហើយដែលរូបលោកចេញទៅ លក្ខណៈអន្តរជាតិ កាលឆ្នាំ២០២៣ លោកឈ្នះមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ ការប្រកួតជើងឯកពិភពលោក នៅប្រទេសកូរ៉េខាងត្បូង និងឆ្នាំ២០២៤ ឈ្នមេដាយមាសក្នុងព្រឹត្តិការណ៍ការ ប្រកួតជ្រើសរើសជើងឯកកីឡា កាយវប្បកម្មអាស៊ីលើកទី ៥៦ ឆ្នាំ២០២៤ “The 56th ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS” នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី ។
លោកស្រីបានបន្តថា ក្នុងនាមគ្រូបង្វឹក កីឡាកាយវប្បកម្ម និងតាំងនាមឲ្យថ្នាក់ដឹកនាំសហព័ន្ធ សូមថ្លែងអរគុណដល់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងតែគាំទ្រ និងលើកទឹកចិត្តដល់មន្រ្តី និងកីឡាករ-កីឡាការិនីកីឡាកាយវប្បកម្ម ព្រមទំាំងអនុញ្ញាតិឲ្យចេលទៅប្រកួតកម្រិតអន្តរជាតិនានាលើកនេះ និងកន្លងមក។
ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ មានកីឡាករមកពីជាង ៥០ ប្រទេសចូលរួម អាចច្រើនជាងការប្រកួតជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០២៣ទៅទៀត ដូចនេះកីឡាករ ឃូ ឃាងហ៊ុយ នៅតែដណ្តើមមេដាយសំរិទ្ធជូនប្រទេសកម្ពុជាបានដដែល។
សហព័ន្ធបានបញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក និងកីឡាករ ៣ នាក់ទៅចូលរួមប្រកួតជ្រើសរើសជើងឯក កីឡាកាយវប្បកម្មពិភពលោក លើកទី១៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ រួមមានរូបលោក ប្រធានដឹកនាំ និងជាចៅក្រម លោកស្រី អេមី សារីរ៉ឺម គ្រូបង្វឹក និងកីឡាករ យូ ឃាងហ៊ុយ៕