កីឡា

លោក កែ ប៊ុនខៀង ចូលរួមពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា” នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជានាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាកិត្តិយសក្នុងឱកាសពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា” តាមស្តង់ដាសាលារៀនគំរូ នៅខេត្តកំពង់ចាម។

លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណវុឌ្ឍ និងថាមពលខ្ពស់ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវបាវចនា៥គឺកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះអាទិភាពគន្លឹះ៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ បញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស រួមមានមុំចំនួន៥ ៖ មុំទី១. ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុំទី២. បណ្តុះបណ្តាលជំនាញបច្ចេកទេស មុំទី៣. លើកកម្ពស់សុខភាព និងសុខុមាលភាព មុំទី៤. ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងមុំទី៥. ពង្រឹងភាពជាពលរដ្ឋក្នុងសង្គម។

លោករដ្ឋលេខាធិការក្រសួងអប់រំ បានបន្តថា ក្នុងនោះមុំទី១ នៃបញ្ចកោណទី១ គឺការពង្រឹងគុណភាពវិស័យអប់រំ កីឡាដើម្បីឆ្លើយតបនឹងចក្ខុវិស័យកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្រ្តី បានដាក់ចេញនូវវិធានការណ៍គន្លឹះ ៤ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីមតេយ្យ សិក្សាដល់មធ្យមសិក្សាដូចជា ពង្រឹងអភិបាលកិច្ចសាលារៀន ពិនិត្យកែសម្រួល រៀបចំកម្មវិធីសិក្សា និងសកម្មភាពកីឡាក្រៅម៉ោងសិក្សាឲ្យស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស យកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការពិនិត្យ គុណភាពចំណីអាហារនៅតាមសាលារៀន ការជំរុញ និងលើកទឹកចិត្ត ក្នុងការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមអំពាវនាវដល់មន្ត្រីថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់ សូមចូលរួមអនុវត្តន៍ក្របខណ្ឌកម្មវិធីសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសថ្នាក់ជាតិនូវកម្មវិធីអប់រំកាយក្នុងម៉ោងសិក្សា ឱ្យបានពេញលេញ២ម៉ោងក្នុងមួយសប្តាហ៍ និងបំផុសចលនាកីឡាក្រៅម៉ោងសិក្សាឲ្យបានផុលផុស។ ជាពិសេស សកម្មភាពអប់រំកាយ និងកីឡានៅក្នុងសាលារៀននេះគឺជាគោលដៅសុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ស្មារតីរបស់ក្មួយៗសិស្សានុសិស្ស ដើម្បីរួមចំណែកលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងពង្រីកវិសាលភាព គុណភាពលើវិស័យកីឡាឱ្យកាន់តែរីកចម្រើន និងខ្លាំងក្លាថែមទៀត។

លោក កែ ប៊ុនខៀង បានបញ្ជាក់ថា ដើម្បីធានាឲ្យសិក្ខាសាលារបស់យើងសម្រេចបាននូវលទ្ធផលល្អតាមការគ្រោងទុក ខ្ញុំស្នើ ឱ្យអនុវត្តការងារសំខាន់ៗមួយចំនូនដូចជា គណៈគ្រប់គ្រងអង្គសិក្ខាសាលាខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធនឹងអង្គសិក្ខាសាលានេះឲ្យបានល្អ និងទាន់ពេលវេលា គ្រូឧទ្ទេសថ្នាក់ជាតិត្រូវចែករំលែកនូវបទពិសោធន៍ល្អៗ ដល់អង្គសិក្ខាសាលា ដើម្បីឲ្យសិក្ខាកាមទទួលបាននូវពុទ្ធិថ្មីៗសម្រាប់ការបង្រៀនដល់លោកគ្រូ អ្នកគ្រូ និងសិស្សា- នុសិស្សជាបន្តទៀត ។

សិក្ខាកាមទាំងអស់ត្រូវប្រមូលផ្តុំអារម្មណ៍ក្នុងការសិក្សារៀនសូត្រ ការគោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់សិក្ខាសាលាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធានាឲ្យការសិក្សាទទួលបានលទ្ធផលល្អ សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ដល់ការថែទាំសុខភាព ទាំងផ្លូវកាយ ផ្លូវចិត្ត ថែរក្សាទំនាក់ទំនង មិត្តភាព សាមគ្គីភាព រវាងសិក្ខាកាមនឹងសិក្ខាកាម គណៈគ្រប់គ្រងសិក្ខាសាលា និងគ្រូឧទ្ទេសជាដើម៕

Most Popular

To Top