កីឡាការិនី Sam Kerr របស់ក្លឹបតោខៀវ Chelsea ផ្នែកនារី និងកីឡាការិនី Kristie Mewis របស់ក្លឹប West Ham នឹងគ្រោងយកបុត្រនៅឆ្នាំ២០២៥។
ប្រធានក្រុមបាល់ទាត់នារី របស់ប្រទេសអូស្រ្តាលី Kerr បច្ចុប្បន្ននេះមានវ័យ៣១ឆ្នាំទៅហើយ ខណៈដៃគូសង្សារជានារីដូចគ្នារបស់នាងមានឈ្មោះថា Mewis មានវ័យ៣៣ឆ្នាំជាកីឡា ការិនីជម្រើសជាតិអាមេរិក ។ ពូកគេទាំងពីរបានធ្វើការប្រកាសជាសាធារណៈនៅលើគណនី Instagram របស់ Kerr ថាពួកគេនឹងយកបុត្រនៅឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងខ្លឹមសារបង្ហោះនោះ Kerr បានរៀបរាប់យ៉ាងដូច្នេះថា «ចូលរួមត្រេកអរយ៉ាងខ្លាំងដល់ Kristie និងខ្លួនឯងផងដែរ ដែលនឹងបង្កើតបានកូនដំបូង»។ Kerr ជាកីឡាការិនីឆ្នើមរបស់ប្រទេសអូស្ត្រាលី ដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងកំឡុងពេលបច្ចុប្បន្ន ។ នាងបានឈ្នះពាន Women’s Super League ចំនួន៥លើក ឈ្នះពាន FA Cup ៣លើក, League Cup ចំនួន២លើក និងពាន Community Shield ជាមួយ Chelsea បាន១រដូវកាលផងដែរ ។ នាងបានចុះកុងត្រាថ្មីជាមួយ Chelsea បន្ថែម២ឆ្នាំទៀតកាលពីខែមិថុនា បើទោះមិនទាន់បានចូលលេង តាំងពីខែមករាឆ្នាំ២០២៤ ដោយសាររបួសជង្គង់ក៏ដោយ ។
ចំណែកជាកីឡាការិនីជម្រើសជាតិអាមេរិក ដែលបានចូលរួមលេង ឲ្យជម្រើសជាតិបានសរុបចំនួន ៥៣លើក និងបានចូលរួមជាមួយ West Ham កាលពីខែធ្នូ ឆ្នាំមុនបន្ទាប់ពីផ្ទេរពីក្លឹប NJ/NY Gotham ៕