ខេត្តកំពង់ចាម៖ ពិធីបិទសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា” សម្រាប់ស្តង់ដាសាលារៀនគំរូ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា និងជាតំណាងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត និង លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខេត្តកំពង់ចាម។
លោក បឹង គឹមតោ បានប្រាប់ឲ្យដឹងថា លទ្ធផលដែលទទួលបានពីការរៀបចំសិក្ខាសាលាស្ដីពី “ការផ្សព្វផ្សាយ និងការណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា” សម្រាបស្តង់ដាសាលារៀនគំរូ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ដូចជាកិច្ចដំណើរការសិក្ខាសាលាបានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃដោយផ្ដោតទៅលើការធ្វើទ្រឹស្តី និងការអនុវត្តជាក់ស្ដែងនៅលើទីលាន លើគ្រប់ប្រធានបទ ដូចជារបៀបនៃការរៀបចំផែនការប្រចាំឆ្នាំ ផែនការមេរៀន កាលវិភាគសិក្សា និងកិច្ចតែងការបង្រៀន ការពិនិត្យតាមដាន និងវាយតម្លៃ ការរៀន និងបង្រៀនមុខវិជ្ជាអប់រំកាយ និងកីឡា វិធីសាស្ត្រនៃការបង្រៀនតាមមុខវិជ្ជារងទាំងបឋមសិក្សា និងមធ្យមសិក្សា ដូចជា តេស្តកាយសម្បទា អប់រំកាយតាមចង្វាក់ភ្លេង កាយសម្ព័ន្ធ អត្តពលកម្ម បាល់ទាត់ បាល់ទះ និងបាល់បោះ ជាដើម និងការធ្វើតេស្តសមត្ថភាពលើទ្រឹស្ដីដែលសិក្សាអស់រយៈពេល ៥ថ្ងៃ។
លោកប្រធាននាយកដ្ឋានអប់រំកាយបានបន្តថា ឆ្លងតាមការអង្គសិក្ខាសាលារយៈពេល៥ បានបង្ហាញឱ្យឃើញថា សិក្ខាកាមទាំងអស់គោរពបាននូវពេលវេលា ការចូលរួមពិភាក្សាដោយការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទទួលបាននូវលទ្ធផលរួមមាន សិក្ខាកាមចំនួន៤៩នាក់ និទ្ទេសល្អ ៤២,៩៨ ភាគរយ សិក្ខាកាមចំនួន ៤៨នាក់ និទ្ទេសល្អបង្គួរ ៤២,១០ ភាគរយ និងសិក្ខាកាមចំនួន ១៧នាក់ និទ្ទេសមធ្យម១៤,៩១ ភាគរយ។
លោក ដួង មាសចំរើន បានមានប្រសាសន៍ថា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពជំនាញ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាមបានសហការរៀបចំសិក្ខាសាលានេះ ចាប់ពីពេលចាប់ផ្តើមរហូតដល់ថ្ងៃបញ្ចប់ ដោយទទួលបានលទ្ធផលល្អប្រសើរ និងសូមគោរពថ្លែងអំណរគុណយ៉ាងជា្រលជ្រៅជូនចំពោះលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ដែលតែងតែផ្តោតការយកចិតទុកដាក់លើការងារអប់រំកាយ និងកីឡា ជាពិសេស ការផ្តល់ឱកាសដល់កុមារ និងសិស្សានុស្សិតបានចូលរួមអនុវត្តសកម្មភាពអប់រំកាយក្នុងម៉ោងសិក្សា និងកីឡាក្រៅម៉ោងសិក្សា ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់កុមារ និងសិស្សានុសិស្សឲ្យមានសុខភាពល្អ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា ទទួលបាននូវលទ្ធផលការសិក្សាខ្ពស់។
ដោយយល់ឃើញថា ការអប់រំកាយជា មុខវិជ្ជាមួយដ៏មានសារៈសំខាន់ក្នុងការជួយលើកកម្ពស់ការសិក្សារបស់កុមារ និងសិស្សានុសិស្ស ទើបថ្នាក់ដឹកនាំក្រសួងជំរុញឲ្យអង្គភាពជំនាញ រៀបចំនូវសិក្ខាសាលា ស្តីពី “ការផ្សព្វផ្សាយ និងការណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា នេះឡើងសម្រាប់ស្តង់ដាសាលារៀនគំរូ ដែលស្ថិតនៅក្នុងស្តង់ដាទី៤ សូចនាករទី៥ “ការលើកកម្ពស់សុខភាពកុមារ និងសិស្សានុសិស្ស និងអារហារូបត្ថម្ភ សូចនាកររង ៥.៨ និង៥.៩ សាលារៀនបាអនុវត្តអប់រំកាយនិងកីឡា ដូចបានរៀបចំនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តខេត្តកំពង់ចាម នៅថ្ងៃនេះ។
លោក អគ្គនាយករង ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់មន្ទីរ អប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមអនុវត្តតាមក្របខណ្ឌកម្មវិធីសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសឱ្យបានពេញលេញ ២ម៉ោងក្នុងមួយសប្ដាហ៍ និងបំផុសចលនាកីឡាក្រៅម៉ោងសិក្សាឱ្យបានទូលំទូលាយ សកម្មភាពអប់រំកាយនិងកីឡានៅក្នុងសាលារៀន គឺជាគោលដៅសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ស្មារតីរបស់ក្មួយៗ សិស្សានុសិស្ស និងចូលរួមបន្តលើកកម្ពស់ការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ន ព្រមទាំងលើកកម្ពស់ ឱកាសទទួលបានការសិក្សាពេញ ១ជីវិតសម្រាប់ទាំងអស់គ្នា និងការអភិវឌ្ឍសមត្ថភាពបុគ្គល ស្ថាប័ន គាំទ្រទិសដៅអាទិភាពសម្រាប់ពេលខាងមុខ តាមរយៈអាទិភាពកំណែទម្រង់ ៨ចំណុចរបស់ក្រសួង អប់រំ យុវជន និងកីឡា។ ជាពិសេស ជំរុញដល់សិស្សានុសិស្សឱ្យលេងកីឡាមួយប្រភេទប្រចាំជីវិត ដើម្បីលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ៕
ដោយ៖ លី ភីលីព