ភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM កម្ពុជាក្រោមការដឹកនាំដោយ លោក រិទ្ធ ឌីកា ប្រធានក្រុមទទួលបាន ចំណាត់ថ្នាក់លេខ ២ ខណៈក្រុមកីឡាបាល់ទាត់ វ័យចាស់សូរិន គ្រងតំណែងជើងឯក ក្នុងការប្រកួតកីឡាបាល់ទាត់វ័យចាស់ មិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទាត់វ័យចាស់ថៃ ខេត្តសូរិន ប្រទេសថៃ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោក រិទ្ធ ឌីកា ប្រធានក្រុមកីឡាបាល់ទាត់វ័យចាស់ K8 FOOTBALL TEAMកម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា ក្រុមកីឡាបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM កម្ពុជារបស់លោកទទួលបានចំណាត់ថ្នាក់លេខ ២ ។ ការប្រកួតមិត្តភាពអន្តរជាតិនេះមាន ៤ ក្រុមរួមមានក្រុមកីឡាបាល់ទាត់វ័យចាស់ K8 FOOTBALL TEAMកម្ពុជា ក្រុមកីឡាបាល់ទាត់វ័យចាស់ Buriram ក្រុមកីឡាបាល់ទាត់វ័យចាស់សូរិន និងក្រុមកីឡាបាល់ទាត់នគរបាលសូរិន ។
លោកប្រធានបានបញ្ជាក់ថា ការប្រកួតខាងលើកនេះ អ្នករៀបចំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង ដោយប្រកួតទី១ ក្រុមកីឡាបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM កម្ពុជាឈ្នះលទ្ធផល ៣ទល់នឹង ១ ហើយវគ្គផ្តាច់ព្រ័ត្រចាញ់ក្រុមកីឡាបាល់ទាត់វ័យចាស់សូរិន ក្នុងលទ្ធផល១ទល់នឹង២ ដូច្នេះក្រុមកីឡាបាល់ទាត់វ័យចាស់ K8 កម្ពុជាទទួលបានជើងឯករង ។
ការប្រកួតមិត្តភាពជាតិ និងអន្តរជាតិរបស់ក្រុម K8 ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងក្រុមបាល់ទាត់វ័យចាស់ និងក្រុមបាល់ទាត់ផ្សេងដើម្បីផ្សព្វផ្សាយ ព្រមទំាងជំរុញឲ្យយុវជនតាមបណ្តាលខេត្តនានាក្នុងប្រទេសកម្ពុជានាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីយុវជនម្នាក់ទៅយុវជនម្នាក់ទៀត និងពីប្រទេសមួយទៅនឹងប្រទេសមួយទៀត ។
លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 បានបញ្ជាក់ថា ការប្រកួតមិត្តភាពនេះ ជាការប្រកួតមិត្តភាពមួយ ដើម្បីរឹតចំណងរវាងក្រុមទំាង ២។ ក្រុមប្រមូលផ្តុំកីឡាករបាល់ទាត់វ័យចាស់ អតីតជម្រើសជាតិកម្ពុជា និងគ្រូបង្វឹកកីឡាបាល់ទាត់កម្ពុជា និងផ្ដោតតែលើសុខភាព និងលេងដើម្បីបង្ហាញពីការចូលរួមលេងកីឡាទាំងអស់គ្នា ស្របតាមអនុសាសន៍របស់សម្ដេច “ប្រជាពលរដ្ឋម្នាក់លេងកីឡា យ៉ាងហោចណាស់មួយមុខ” ៕