កីឡា

គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បើកវគ្គអប់រំសុខភាព និងកីឡា សម្រាប់ជន បញ្ញាខ្សោយជាផ្លូវការ

ភ្នំពេញ ៖ លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធី បើកវគ្គអប់រំ សុខភាព និងកីឡា សម្រាប់ជនបញ្ញាខ្សោយ ក្រោមកិច្ចសហការ រវាងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ។

លោក ឃ្លាំង ចន្ធូ បានប្រាប់ឲ្យដឹងថា គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ជាអង្គការសង្គមកីឡា មានការទទួលខុសត្រូវ វិស័យកីឡាសម្រាប់ជន ពិការខ្សោយសតិបញ្ញា នៅកម្ពុជា បានអនុវត្តតាមចលនាស្ប៉េស្យាល់ អូឡាំពិកអន្តរជាតិក្នុងគោលបំណង ជួយដល់ជន មានពិការ ភាពមានឱកាសចូលរួមសកម្មភាព ក្នុងសង្គមតាមរ យៈវិស័យកីឡា ។ គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ជានិច្ចកាលតែងតែ យកចិត្តទុកដាក់ដល់ការពង្រីក ចលនាកីឡា ល្បែងកម្សាន្ត កម្មវិធីត្រួតពិនិត្យសុខភាព និងកម្មវិធីអប់រំផ្សេងៗទៀត ជារៀងរាល់ឆ្នាំទៅដល់សហគមន៍ និងក្រុមគោលដៅ ដែលគ្រប់គ្រងមើលថែជន ពិការខ្សោយសតិបញ្ញា ។

លោកបានបន្តថា ថ្ងៃនេះដោយមានការ សហការជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានរៀបចំកម្មវិធីនេះឡើង នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាជាស្ថាប័ន អប់រំបណ្តុះបណ្តាលគ្រូអប់រំកាយ និង កីឡា ដល់សិក្ខាកាមចំនួន៤០នាក់ ស្រី៥នាក់ ជាគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។ វគ្គសិក្សានេះមានគោបំណង អប់សុខភាព និងកីឡាសម្រាប់ជន បញ្ញាខ្សោយ ដល់គ្រូអប់រំកាយ និងកីឡាឲ្យមានការយល់ដឹងអំពីការថែរក្សាសុខភាព អនាម័យ និងវិធីសាស្ត្របង្ហាត់បង្រៀនដល់ជនបញ្ញាខ្សោយ ដើម្បីបម្រើសុខុមាលភាព និងភាពសប្បាយយរីករាយ ដល់ពួកគាត់ ដែលជាការពង្រឹងនូវសមត្ថភាព កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី មានសាមគ្គីភាព មានទំនាក់ទំនងរវាងប្អូនៗ ជនមានពិការភាព ។
ចំពោះកម្មវិធីសិក្សានេះ មានដូចជា ប្រវត្តិ និងបេសកកម្មរបស់ស្ប៉េស្យាល់ អូឡាំពិកអន្តរជាតិ និងរចនាសម្ព័ន្ព សកម្មភាពនានានៅកម្ពុជា ភាពខុសគ្នារវាងកីឡាអូឡាំពិក កីឡាប៉ារ៉ាឡាំពិក និង កីឡាស្ប៉េស្យាល់អូឡាំពិក ការអប់រំសុខភាព ដូចជា អ្វីទៅជាពិការភាពបញ្ញា ចំពោះកុមារ មូលហេតុ នៃពិការភាពបញ្ញាចំពោះកុមារ សញ្ញានៃពិការភាព ចំពោះកុមារ ការការពារពិការភាពបញ្ញា ចំពោះកុមារ ការថែទាំកុមារពិការភាពបញ្ញា រួមទាំងការថែរក្សា សុខភាពមាត់ធ្មេញដូចជា មូលហេតុ ដែលបង្ក ឱ្យមានជំងឺពុកធ្មេញ រោគពុកធ្មេញលើកុមារតូចនៅកម្ពុជា ផលប៉ះពាល់នៅ ពេលមានសុខភាព មាត់ធ្មេញមិនល្អ និងវិធីការពារជំងឺមាត់ធ្មេញ និងការដុសសម្អាតមាត់ធ្មេញ ។

លោកអគ្គលេខាធិការបានបញ្ជាក់ថា នេះជាគោលនយោបាយរបស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា ដើម្បីជួយដល់ជនពិការខ្សោយសតិបញ្ញា ក្នុងកាបីបាច់ថែរក្សា និងផ្តល់ឱកាសឲ្យពួកគាត់បានលេងកំសាន្ត ហ្វឹកហាត់ សេវាសុខភាព និងការចូលរួមការប្រកួតនានា ព្រមទាំងបានផ្សព្វផ្សាយដល់ក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល គ្រូបង្វឹក ឬអ្នកដែលជិតស្និទ្ធិបំផុត របស់ពួកគាត់ ដែលជាកត្តាសំខាន់ក្នុងការបំផុស ជំរុញលើកទឹកចិត្ត ដល់ពួកគាត់ដើម្បីចូលរួមកម្មវិធីនានា របស់ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ។

លោកស្រី កែវ មនោរម្យ បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ យ៉ាងក្រៃលែង ដោយបានមកចូលរួមបើកវគ្គអប់រំសុខភាព និងកីឡា សម្រាប់ជនបញ្ញា ខ្សោយនាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណ ដល់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលបានយកចិត្តទុក ដាក់រៀបចំកម្មវិធីនេះឡើង និងសូមកោតសរសើរនូវវត្តមាន របស់លោក លោកស្រី និងប្អូនៗ គរុសិស្សអប់រំកាយ និងកីឡាបានមកចូលរួម ដើម្បីសិក្សា ស្វែងយល់ អំពីបញ្ហាសុខភាព និងកីឡាសម្រាប់ជនបញ្ញាខ្សោយ គឺជាការរួមចំណែកជួយ ដល់ជនមានពិការភាព ។

លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្នវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់វិស័យ អប់រំកាយ ដោយបាន បណ្តុះបណ្តាល គ្រូអប់រំកាយ និងកីឡា កម្រិតមូលដ្ឋាន និងថ្នាក់បរិញ្ញាបត្រ និងមានការ បណ្តុះបណ្តាល ធនធានមនុស្ស លើវិស័យអប់រំកាយ និងកីឡា តាមរយៈវគ្គសិក្សាផ្សេងៗ ដើម្បីបម្រើសុខុមាលភាព និងគុណភាពកីឡាជាការចូលរួមក្នុងការពង្រឹងវិស័យអប់កាយ និងកីឡានៅកម្ពុជា ។

តាមរយៈកម្មវិធីសិក្សា របស់វិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡា ឆ្ពោះទៅរកកម្រិតឧត្តមសិក្សា និងការបណ្តុះបណ្តាលនានា ដល់គរុសិស្ស ជាក់ស្តែងថ្ងៃនេះបានសហការជាមួយគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា បើកវគ្គអប់រំសុខភាព និងកីឡា សម្រាប់ជនបញ្ញាខ្សោយដល់ប្អូនៗគរុសិស្សនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលពួកគាត់នឹងក្លាយ ទៅជាគ្រូអប់រំកាយ និងកីឡា នាពេលដ៏ខ្លីខាងមុខនេះ ហើយដែល អាចទៅបង្ហាត់បង្រៀន មុខវិជ្ជាអប់រំកាយ និងកីឡា ដល់សិស្សានុសិស្ស និងមហាជនទូទៅបាន ប្រកបដោយគុណភាពខ្ពស់ ។ ជាពិសេសកម្មវិធីនេះ ជួយពង្រឹងសមត្ថភាពដល់ គរុសិស្សឲ្យយល់កាន់ តែច្បាស់អំពីចលនាកីឡា និងប្រភេទកីឡាផ្សេងៗ ដែលកំពុងវិវឌ្ឍន៍ នៅលើសកលលោក នាពេលបច្ចុប្បន្ន ដូចជាប្រភេទកីឡាអូឡាំពិក កីឡាប៉ារ៉ាឡាំពិក និងកីឡាស្ប៉េស្យាល់អូឡាំពិក។

លោកស្រី បានបន្ថែមថា សម្រាប់កីឡាស្ប៉េស្យាល់អូឡាំពិក គឺជាកីឡាសម្រាប់ ជនពិការខ្សោយសតិបញ្ញា ឬហៅថាជន បញ្ញាខ្សោយ ដែលពួកគាត់ មានកម្រិតបញ្ញា “IQ” ទាបជាងមនុស្សធម្មតាទូទៅ តាមរយៈការត្រួតពិនិត្យវាយ តម្លៃពីវេជ្ជបណ្ឌិតជំនាញ ។ តាមរយេះវគ្គសិក្សានេះ សិក្ខាកាម អាចទទួលបាននូវចំណេះដឹងអំពីការថែរក្សាសុខភាព និងប្រភេទកីឡាសម្រាប់ជន បញ្ញាខ្សោយ ដែលអាច យកទៅ អនុវត្តក្នុងការវាយ តម្លៃលក្ខណៈជនបញ្ញា ខ្សោយបាន ដោយការសង្កេតទៅលើកាយសម្បទា និងការ ចងចាំ ដូចជាការយល់ដឹងមានការយឺតយ៉ាវ និងមានការភ្លេចភ្លាំងច្រើន។ មិនតែប៉ុណ្ណោះ សិក្ខាកាមអាច ទទួលបានចំណេះដឹងពីវេជ្ជបណ្ឌិតអំពីការថែទាំជនបញ្ញាខ្សោយដូចជា វិធីលាងសម្អាតដៃ អនាម័យ នៅពេល ទទួលទានអាហារ អនាម័យខ្លួនប្រាណ ការជ្រើសរើស ចំណីអាហារដែលមានជីវជាតិ និងមានសារៈ សំខាន់ ដល់រាងកាយ និង យល់ដឹងអំពីផលប៉ះពាល់អំពីគ្រឿងស្រវឹង ស្រា បារី និងសារធាតុញ្ញាណផ្សេងៗ និងប្រភេទ ពិការភាព ដែលទាក់ទងទៅនឹងជំងឺអូទីស្សឹម Autism និងដោនស៊ីនដ្រូម Down Syndrome និងការថែរក្សា សុខភាពមាត់ធ្មេញ៕

Most Popular

To Top