ភ្នំពេញ ៖ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិអូឡាំពិក (NOCC) សហការជាមួយ សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ (ITTF) និងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា (CTTF) បានបើកវគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិត១ដែលមានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ។
លោក ហេង សុខជាតិ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបាននិយាយថា ការៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិត១ គណៈកម្មាធិការជាតិអូឡាំពិក (NOCC) សហការនឹងសហព័ន្ធប្រើប្រាស់ថវិកាវគ្គសាមគ្គីអូឡាំពិក ដែលមានរយៈពេល ៨ ថ្ងៃដើម្បីបង្កើនបរិមាណគ្រូបង្វឹក កីឡាវាយកូនឃ្លីលើតុនៅទូទាំងប្រទេស ក្នុងដំណើរឆ្ពោះទៅរកគុណភាពតាមស្តង់ ដារជាតិ និងអន្តរជាតិ ។
លោកអគ្គលេខាធិការរងបានបន្តថា វគ្គបណ្តុះបណ្តាលមានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ក្នុងនោះបុរស ២១នាក់ និងនារី ៤នាក់មកពីរាជធានីភ្នំពេញចំនួន ២៤នាក់ ខេត្ត ១ នាក់ ។នាពេលនេះពិតជាមានសារសំខាន់ក្នុងការពង្រឹងនិងពង្រីកនូវធនធានមនុស្សដើម្បីអភិវឌ្ឍន៍វិស័យកីឡាវាយកូនឃ្លីលើតុនៅកម្ពុជា ឲ្យទទួលបាននូវលទ្ធផលល្អ។
សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានយកចិត្តទុកដាក់លើកីឡាករ-កីឡាការិនី គ្រូបង្វឹក និងអាជ្ញាកណ្តាល និងចៅក្រមដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកា ដើម្បីដឹកនាំ គ្រប់គ្រងអភិវឌ្ឍន៍ប្រភេទកីឡាជំនាញនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រ នៃការអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ និង ដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងការរីកចម្រើនក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀប ចំប្រកួតកីឡាអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខ ។