ភ្នំពេញ ៖ អតីតកីឡាការីនី ហែលទឹកឆ្នើម របស់កម្ពុជា កញ្ញា ហែម ថុនវិទីនី គ្រូបង្វឹកហែលទឹក ជម្រើសជាតិកម្ពុជា បានបញ្ចប់វគ្គសិក្សា ដ៏សំខាន់បំផុត ជាគ្រូកម្រិតអន្តរជាតិ ផ្នែកវិទ្យាសាស្រ្តកីឡា សាកលវិទ្យាល័យ HUNGARY UNIVERSITY OF SPORTS SCIENCE ក្នុងទីក្រុង BUDAPEST ប្រទេស HUNGARY ក្រោមការរៀបចំដោយ អង្កការសាមគ្គី អូឡាំពិកអន្តរជាតិ ( Olympic solidarity ) តាមរយៈគណៈកម្មការជាតិ អូឡាំពិកកម្ពុជា ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ ហែលទឹកបានប្រាប់ តាមអនឡាញឲ្យដឹងថា អ្នកគ្រូបង្វឹក ហែមថុន វិទីនី ត្រូវបានជ្រើសរើសចូលរួម សិក្សាវគ្គបណ្ដុះបណ្ដាល “គ្រូបង្វឹកកម្រិតអន្តរជាតិ International Coaching Course” (ICC) ដោយរៀបចំឡើងដោយ OLYMPIC SOLIDARITY (OS) ចាប់ផ្ដើមពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ HUNGARY UNIVERSITY OF SPORTS SCIENCE ក្នុងទីក្រុង BUDAPEST ប្រទេស HUNGARY តាមរយៈគណៈកម្មការជាតិ អូឡាំពិកកម្ពុជា ។
លោកអគ្គលេខាបានបន្តថា នេះជាចក្ខុវិស័យរបស់សហព័ន្ធខ្មែរហែលទឹក ដើម្បីឲ្យមានគុណភាពកីឡាករ-កីឡាការិនីហែលទឹក លោកគ្រូអ្នកគ្រូបង្វឹក ត្រូវមានគុណភាពដូចគ្នា ដាច់ខាត លោកគ្រូ អ្នកគ្រូ បង្វឹកត្រូវមានការបណ្តុះបណ្តាល និងមានវិជ្ជាវិជ្ជៈច្បាស់លាស់ ជាពិសេសលោកគ្រូ អ្នកគ្រូ បង្វឹកកម្រិតខ្ពស់តែម្តង នេះជាជំហានទីមួយថ្មីរបស់សហព័ន្ធ និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលគណៈកម្មាធិការជាតិអូឡាំពិក អន្តរជាតិ ដែលបានបើកផ្លូវការ សម្រាប់ការចូលរួមវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកម្រិតអន្តរជាតិនេះ ។
លោក ហែម គីរី បានបញ្ជាក់ថា នេះជាចំណុចសំខាន់ សម្រាប់សហព័ន្ធខ្មែរហែលទឹក ដែលត្រូវបន្តជំរុញបន្ថែមទៀត ។ នេះជាធនធានថ្មីមួយ ដែលសហព័ន្ធចំពោះគ្រូបង្វឹកហែលទឹកកម្ពុជា ។ សហព័ន្ធបន្តជំរុញឲ្យលោកគ្រូអ្នកគ្រូបង្វឹក កីឡាហែលទឹកបន្ថែមទៀត នូវចំណេះដឹងផ្នែកកីឡាហែលទឹកកម្រិតអន្តរជាតិ ជាច្រើនរូបទៀត ។ កញ្ញា ហែម ថុនវិទីនី ជាអតីតកីឡាការិនីហែលទឹក បានក្លាយខ្លួនជាគ្រូបង្វឹក បានទៅសិក្សាវគ្គបណ្ដុះបណ្ដាល “គ្រូបង្វឹកកម្រិតអន្តរជាតិ International Coaching Course” (ICC)បែបនេះ៕