ភ្នំពេញ ៖ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែតុលា-ខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់សហព័ន្ធកម្ពុជា ដោយមានការអញ្ជើញ ពីសំណាក់លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធតំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជានៅសាលប្រជុំ របស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។
លោក សរ សិទ្ធិ បានមានប្រសាសន៍ថា ការងារប្រចាំខែតុលា-ខែវិច្ឆិកា របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ ជាច្រើនទំាងក្នុង និងក្រៅប្រទេស ហើយសហព័ន្ធបានជំរុញ ការហ្វឹកហាត់ក្រុមកីឡាករ-កីឡាការិនីយ៉ាងសកម្ម ទោះបីពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែ ក្រុមអត្តពលិកនៅបន្តធ្វើការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមការ ប្រកួតកីឡាទូកនាគជ្រើសរើសជើងឯក ពិភពលោក ឆ្នាំ២០២៤ នៅប្រទេសហ្វីលីពីន ។
ក្រុមប្រតិភូទូកនាគកម្ពុជាបានប្រកួតជាប់ក្នុងវគ្គជម្រុះ World Games ឆ្នាំ២០២៥ ពីព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសហ្វីលីពីន ដែលមានប្រទេសចូលរួមចំនួន ២៧ប្រទេស ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៩ ។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សហព័ន្ធ បានចាត់អគ្គហេរញ្ញិក ០១រូប និងគ្រូបង្វឹក ០៣រូប ចូលរួមកិច្ចប្រជុំស្តីពីអវត្តមានរបស់កីឡាករ ចំនួន ០២នាក់ ក្នុងការការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ក្រោមអធិបតីភាព លោក យាន គីស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
លោក គង់ សុភាព គ្រូបង្វឹកជំនួយបាននិយាយថា បញ្ហាប្រឈម ៖ កីឡាករ-កីឡាការិនីឈឺ ច្រើនដោយសារបញ្ហាអាកាស ធាតុប្រែប្រួល ពុំទាន់មានឃ្លាំងសម្រាប់ដាក់ទូក និងសម្ភារឲ្យបានត្រឹមត្រូវ នៅឡើយទេ និងគ្រូបង្វឹក និង កីឡាករ-កីឡាការិនី ពុំទាន់មានកន្លែងស្នាក់នៅច្បាស់លាស់នៅឡើយ ។ លោកសូមគោរពស្នើសុំលោកអភិសន្តិបណ្ឌិតប្រធាន មេត្តាជួយរៀបចំកន្លែងស្នាក់នៅដល់ គ្រូបង្វឹក និងក្រុមជម្រើសជាតិ សម្រាប់ ឆ្នាំ២០២៥ និងឧបត្ថម្ភសម្លៀកបំពាក់ ឯកសណ្ឋាន ស្បែកជើងដល់ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សម្រាប់ទៅចូលរួមការប្រកួតអន្តរជាតិនានា ។
លោកគ្រូបានបន្តថា ទិសដៅការងារខែធ្នូ ពង្រឹងការងាររដ្ឋបាល ដើម្បីឆ្លើយតបទៅនឹងការងារ ចំពោះមុខ ដែលថ្នាក់ដឹកនាំ សហព័ន្ធ និងក្រសួងពាក់ព័ន្ធបានប្រគល់ឲ្យ ។ សហព័ន្ធ នឹងជំរុញដល់គ្រូបង្វឹកទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបង្ហាត់ដល់កីឡាករ កីឡាការិនី សម្រួចទៅទិសដៅ ដណ្តើមមេដាយពីព្រឹត្តិការណ៍ អន្តរជាតិនានា ជាពិសេសត្រៀមការចូលរួម ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ ។ ត្រៀមធ្វើផែនការ យុទ្ធសាស្ត្រសម្រាប់ជ្រើសរើសកីឡាករ កីឡាការិនី ថ្នាល និងបម្រុង ឆ្នាំ២០២៥ និង ត្រៀមធ្វើផែនការសកម្មភាព សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៥ ៕