ភ្នំពេញ ៖ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធតេក្វាន់ដូ ស្តីពី ការរៀបចំមហាសន្និបាតបញ្ចប់ អាណត្តិ២០២០-២០២៤ និងការ សម្ពោធ ទីស្នាក់ការថ្មីរបស់ KUKKIWON កម្ពុជា និងមានការចូលរួមពី លោកស្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងប្រតិភូខេមរសហព័ន្ធតេក្វាន់ដូ ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធ តេក្វាន់ដូ និងក្រុមការងារពាក់ព័ន្ធ នៃខេមរសហព័ន្ធតេក្វាន់ដូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញ ការងារប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលល្អ ប្រសើរឡើងពីមួយអាណត្តិទៅ មួយអាណត្តិ នាពេលកន្លងមក ។

បច្ចុប្បន្នប្រភេទកីឡាតេក្វាន់ដូ នៅប្រទេសកម្ពុជាកំពុងទទួល បានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ គ្រប់វ័យនិងគ្រប់ស្រទាប់ទាំងអស់ ។

លោក ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍ណែនាំ ដល់ក្រុមការងារពាក់ព័ន្ធឲ្យ បន្តផែនការសកម្មភាពដែលបានគ្រោង លើកទឹកចិត្តឱ្យផ្សព្វផ្សាយបន្តទៅ តាមសាលារៀន ដើម្បីពង្រីកក្លិបតេក្វាន់ដូបន្ថែម ដែលអាចបង្កើតជាការងារ សម្រាប់គ្រូបង្វិក ត្រូវមានការរៀបចំទិន្នន័យ របស់សិស្សក្នុងរាជធានី-ខេត្តឲ្យបានច្បាស់លាស់ និងគាំទ្រទៅលើកម្មវិធី Exchange Program សម្រាប់ឲ្យអត្តពលិក មានឱកាស ទទួលបានការ ហ្វឹកហាត់ជាមួយអ្នក ដែលធ្លាប់បានមេដាយ អូឡាំពិករួចហើយ ដើម្បីឲ្យពួកគាត់ទទួលបានបទពិសោធន៍ជាក់ស្តែង ពង្រីកវិសាលភាព និងសមត្ថភាពរបស់ខ្លួន ដើម្បីឈានទៅរកភាពជោគជ័យ សម្រាប់ព្រឹត្តិការណ៍ The 5th Asian Youth Games 2029 (AYG) ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ។

សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធតេក្វាន់ដូ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់អ្នកពាក់ព័ន្ធនៃខេមរសហព័ន្ធតេក្វាន់ដូ ដែលសម្រេចបាន សមិទ្ធផល នាពេលកន្លងមកនេះ និងបានគាំទ្រនូវគំនិតផ្តួចផ្តើមនានា ជាពិសេសចំពោះការរៀបចំការប្រកួត National Taekwondo Virtual ជាលើកដំបូង និង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្នាក់ការរបស់ ស្ថាប័ន KUKKIWON ប្រចាំនៅកម្ពុជា នាពេលខាងមុខនេះ ៕

