កីឡា

សហព័ន្ធគុនខ្មែរ អន្តរជាតិ ទទួលបានផ្លែផ្កា កាន់តែខ្លាំង ក្រោយឥណ្ឌូណេស៊ី ស្នើសុំទៅរៀបចំ នៅប្រទេសរបស់ខ្លួន

ខេត្តសៀមរាប ៖ សហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) នាថ្ងៃទី៥ ខែធ្នូនេះ បានរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នៅខេត្តសៀមរាប ដោយមានប្រតិភូបណ្ដាប្រទេស សមាជិកចូលរួម និងបានសម្រេច នូវសមិទ្ធផលជាច្រើន ក្នុងនោះលោកវ៉ាត់ ចំរើន អគ្គលេខាធិការ KIF បានដាក់ចេញនូវសេចក្ដីថ្លែងការណ៍ចំនួន ៧ចំណុច ដើម្បីជំរុញការផ្សព្វផ្សាយ និងធានានូវការ អភិវឌ្ឍវិស័យកីឡាគុនខ្មែរកម្ពុជា ឲ្យកាន់តែរីកចម្រើនលើឆាកអន្ដរជាតិ ហើយក៏ទទួលបានការសាទរពីបណ្ដាប្រទេសសមាជិកទាំង ៦៤ប្រទេសផងដែរ ។

ក្នុងឱកាសបានសិទ្ធក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួតគុនខ្មែរ ជ្រើសរើសជើងឯកពិភពលោក DR Subirman SH MH ប្រធានសហព័ន្ធមួយនេះ បានសម្ដែងការរីករាយជាខ្លាំង ដែលប្រទេស ឥណ្ឌូណេស៊ី ទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៥។ លោកមើលឃើញថា ប្រភេទកីឡានេះមានភាពទាក់ទាញ ហើយបានទាក់ចិត្ត របស់លោកតាំង ពីលោកមកទស្សនា ពេលកម្ពុជារៀបចំក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមមកម្ល៉េះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការជាតិ អូឡាំពិកកម្ពុជា បានសម្ដែងការសាទរ និងធ្វើការគាំទ្រ យ៉ាងពេញទំហឹង ចំពោះការទទួលធ្វើជាម្ចាស់ផ្ទះ របស់ប្រទេសឥណ្ឌូណេស៊ី ព្រោះនេះជាភាពជោគជ័យដ៏ធំធេង មួយរបស់កម្ពុជា ដែលប្រទេសក្នុងតំបន់គេចូលរួមគាំទ្រ ហើយពេញចិត្តនូវប្រភេទកីឡា ដែលជាមរតកដូនតារបស់កម្ពុជា ។
ឆ្លើយតបជាមួយការទទួលធ្វើជា ម្ចាស់ផ្ទះនេះកម្ពុជា នឹងជួយយ៉ាងពេញទំហឹងក្នុងការជ្រោមជ្រែង លើការរៀបចំរបស់ឥណ្ឌូណេស៊ី មិនថាការចែករម្លែកពីក្បួនច្បាប់ នានាឬពីលក្ខន្តិក។
លោកបន្ថែមទៀតថា ក្នុងសន្និបាត ឆ្នាំ២០២៤នេះសហព័ន្ធគុនខ្មែរ អន្តរជាតិ ក៏បានប្រកាសពីការដាក់បញ្ចូល កីឡាមួយនេះ ទៅក្នុងការរៀបចំការប្រកួតជ្រើសរើស ជើងឯកយុវជនអាស៊ី នៅឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ការដាក់បញ្ចូលក្នុងការប្រកួត កម្រិតយុវជនអាស៊ីនេះ ជាផ្លូវការដាក់បញ្ចូលកម្រិតអាស៊ី ហើយនៅពេលដែលកម្រិតអាស៊ីកម្ពុជា អាចដាក់បញ្ចូលបានហើយ នឹងឆ្ពោះទៅទិសដៅ បន្ទាប់គឺការដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិកបន្ថែមទៀត ៕

Most Popular

To Top