ភ្នំពេញ ៖ គណៈកម្មការរៀបចំ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K 888 លើកទី១ ឆ្នាំ២០២៤ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំបច្ចេកទេស និងធ្វើការចាប់ឆ្នោត ចែកពូលនីមួយ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង គណៈកម្មការរៀបចំការ ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K 888 និងអ្នកតំណាងក្រុមទំាង ៨ ក្រុម ។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K 888 កីឡូក្រាម មានក្រុមកីឡាបាល់ទាត់គីឡូធ្ងន់ ៨ ក្រុមចូលរួម ដោយចែកចេញជា២ពូល។ ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមរា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់វិទ្យាល័យ បឹងកេងកេង ដែលធ្វើរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យអតីតកីឡាករ ឬលោកអ្នកស្នេហាវិស័យបាល់ទាត់ ដែលបានវិវឌ្ឍន៍មាឌទៅធាត់ៗ ព្រោះតែខានលេង ហើយគ្មានឱកាសបានចូលលេងលើទីលាន ឲ្យបានលេងទំាងអស់គ្នា ដើម្បីសុខភាព និងមិត្តភាព។

លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានមានប្រសាសន៍ថា ពានរង្វាន់នេះបង្កើតឡើងក្នុងគោលបំណង ដើម្បីឲ្យអតីតកីឡាករឬអ្នក ដែលស្នេហាវិស័យបាល់ទាត់ ដែលបានវិវឌ្ឍន៍មាឌទៅធាត់ៗ ព្រោះតែខានលេង ហើយគ្មានឱកាសបានចូលលេងលើទីលាន ទទួលបានឱកាសបញ្ចេញជាតិពុលតាមរយៈការចូលលេងជាមួយពាន K Cup 888កីឡូក្រាម។ លោកពិតជាមានភាពរីករាយខ្លាំងមែនទែន ក្នុងការផ្ដួចផ្ដើមរៀបចំពាននេះឡើង ។
លោកបន្ថែមថា ដើម្បីបង្កើតភាព ងាយស្រួលក្នុងការរៀបចំពាននេះ លោកសម្រេចយកតែ៨ក្រុមទេ ដោយធ្វើការចុចយកក្រុមដែលមានលទ្ធភាពគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខខណ្ឌ ដែលបានកំណត់។ ៨ក្រុមដែលចូលរួមនោះនឹងធ្វើការបែកចែកពូលជាពីរពូល ហើយធ្វើការប្រកួតជម្រុះនៅតាមពូលនីមួយៗ ដើម្បីស្វែងរកក្រុមខ្លាំងនៅតាមពូលនីមួយៗសរុប៤ក្រុម យកមកប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

លោកបានបន្តថា ដ្បិតតែការចូលរួមមានការកំណត់លក្ខខណ្ឌ ប៉ុន្តែក៏មានការបន្ធូរបន្ថយខ្លះៗដែរ ដើមឡើយក្រុមការងារកំណត់ថា ត្រូវតែមាន៨៨៨ គីឡូក្រាម ក្នុងការចូលរួមប្រកួត នៅលើទីលាន ប៉ុន្តែប្រសិនបើមានចំនួនទម្ងន់មិនគ្រប់ក៏ក្រុមការងារអាចធ្វើការសម្របសម្រួលខ្លះដែរ គ្រាន់តែកុំឲ្យទម្ងន់ខុសគ្នាខ្លាំងពេក។ ពានរង្វាន់នេះប្រសិនមានការគាំទ្រខ្លាំងលោកសន្យាថា នឹងបន្តរៀបចំនាឆ្នាំក្រោយៗ ឬអាចធំជាងនេះបន្ថែមទៀត។

ពានរង្វាន់នេះមានលក្ខខណ្ឌកីឡាករត្រូវមានអាយុចាប់ពី ៣៥ ឆ្នាំឡើយ ហើយទម្ងន់ត្រូវមានយ៉ាងហោច៨៨៨គីឡូក្រាមនៅលើទីលានកំពុងប្រកួត កីឡាករត្រូវតែមានសញ្ជាតិខ្មែរ ហើយសមាជិកត្រូវមានយ៉ាងហោចណាស់២៥នាក់។ សូមបញ្ជាក់ថា ក្រៅពីពាន K Cup 888 គីឡូក្រាម លោក រិទ្ធ ឌីកា ក៏គ្រោងរៀបចំពានរង្វាន់១ទៀត មានឈ្មោះថា ពានអាយុ៥០០ឆ្នាំ ដោយតម្រូវឲ្យកីឡាករចូលរួមបូកសរុបចូលគ្នាដាច់ខាតត្រូវតែមានអាយុ៥០០ឆ្នាំឡើងទៅ ហើយពានរង្វាន់ប្លែកនេះគឺគ្រោងរៀបចំឡើងនៅឆ្នាំ២០២៥ផងដែរ៕



