ភ្នំពេញ ៖ លោក រិទ្ធ ឌីកា នាយកបច្ចេកទេស របស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងប្រធានគណៈកម្មការរៀបចំការ ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K 888 គីឡូក្រាម បានមានប្រសសាន៍ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K 888 គីឡូក្រាមនេះធ្វើឡើង ក្នុងគោលបំណងដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសតម្រូវឲ្យក្រុមនីមួយៗ មានកីឡាករទាំង ១១ នាក់ មានគីឡូបូករួមបញ្ចូលគ្នា លើទីលានឲ្យបាន ៨៥០ គីឡូក្រាមឡើងទៅ ។
លោក រិទ្ធ ឌីកា បានលើកឡើង ក្នុងឱកាសបើកកិច្ចប្រជុំបច្ចេកទេស និងធ្វើការចាប់ឆ្នោតចែកពូលនីមួយៗ ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ K 888 គីឡូក្រាមលើកទី១ ឆ្នាំ២០២៤ ដោយមានការអញ្ជើញ ចូលរួមពីសំណា ក់ និងអ្នកតំណាង ក្រុមទំាង ៨ ក្រុម នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។
លោក រិទ្ធ ឌីកា បានបន្តថា ការប្រកួតពានរង្វាន់ K 888 គីឡូក្រាម លើកទី១ ឆ្នាំ ២០២៤ ខុសប្លែកពីការប្រកួតកីឡា បាល់ទាត់ផ្សេងទៀត ដោយក្រុមនីមួយៗ កីឡាករត្រូវមានគីឡូបូករួមបញ្ចូលគ្នាទាំង ១១ នាក់លើទីលានឲ្យបាន ៨៥០ គីឡូក្រាមឡើងទៅ ។ ពានរង្វាន់នេះត្រូវបានកំណត់អាយុចាប់ពី ៣៥ ឆ្នាំឡើងទៅ និងអនុញ្ញាតឲ្យលេង ចាប់ពីអាយុ ៣០ឡើងទៅ បានក្នុងករណីកីឡាករ ដែលមានទម្ងន់ចាប់ពី ៨៥ គីឡូឡើងទៅ។
ប្រធានគណៈកម្មការរៀបចំ បានបន្ថែមថា ក្រុមនីមួយៗ ត្រូវមានឯកសណ្ឋានចាប់ពី ២ ឈុតឡើងទៅ និងត្រូវមានទង់ អនុស្សារីយ៍ ក្រុមផ្ទាល់ខ្លួន។ ក្រុមនីមួយៗត្រូវមានកីឡាករចុះឈ្មោះដាក់ពាក្យចូលរួមមិនតិចជាង ១៥ នាក់ និងមិន លើស២៥ នាក់ និងត្រូវ មានអ្នកចាំទីចំនួន២នាក់ ។ កីឡាករត្រូវមាន អត្តញ្ញាណបណ្ណ សញ្ជាតិខ្មែរ និងជាជនជាតិខ្មែរ និង ភ្ជាប់មកជាមួយនឹងរូបថត ៤គុណ ៦ ចំនួនពីរសន្លឹក ។
ហើយក្រុមនីមួយៗ ត្រូវតម្កល់ប្រាក់ចំនួន ១ លានរៀល ដល់គណៈកម្មការរៀបចំការប្រកួត ។ ក្រុមនីមួយៗត្រូវ ទទួលរ៉ាប់រងរាល់ការ ចំណាយអំឡុង ពេលក្រុមសាមីប្រកួត ចំនួន១០០ ភាគរយរបស់ខ្លួន។ ក្រុមដែលបោះបង់ការ ប្រកួតនៅសល់ទាំងអស់ និងត្រូវពិន័យមិនប្រគល់ប្រាក់តម្កល់ជូនវិញ និងមិនអនុញ្ញាតឲ្យចូលរួមលេងពានរង្វាន់ កា៨៨៨៨ គីឡូ រយះពេល២ឆ្នាំ។
ការប្រកួតកីឡា បាល់ទាត់ ពានរង្វាន់ K 888 កីឡូក្រាម មានក្រុមកីឡាបាល់ទាត់ គីឡូធ្ងន់ ៨ ក្រុមចូលរួម ដោយចែកចេញ ជា២ពូល ។ ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមរា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ វិទ្យាល័យ បឹងកេងកេង ដែលធ្វើរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៕