នៅបាត់ដំបង៖ លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពីធីបើកការប្រកួតកីឡាប៉េតង់ពានរង្វាន់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា” ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧-០៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីរួមខេត្តបាត់ដំបង នាពេលនេះ។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានព្រឹត្តិការណ៍ និងស្ថិតិបាននិយាយថា ការរៀបចំ ការប្រកួតកីឡាប៉េតង់ពានរង្វាន់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា” ឆ្នាំ២០២៤ គឺដើម្បីលើកកម្ពស់វិស័យកីឡាប៉េតង់នៅកម្ពុជាឱ្យមានការរីកចម្រើន និងមានការចូលរួមដកស្រង់បទពិសោធន៍បច្ចេកទេស រឹតចំណងមិត្តភាព សាមគ្គីភាព រវាងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ ក្រសួងអប់រំ យុវជន និងកីឡា។
ការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានេះមានប្រតិភូ វិញ្ញាសារួមមានប្រតិភូកីឡាករ កីឡាការិនី សរុបចំនួន ១៨៦នាក់ អញ្ជើញមកពីរាជធានី ខេត្តចំនួន២៣ និងថ្នាក់ដឹកនាំក្រសួង មន្រ្តីអង្គភាពចំណុះ ចំនួន ១៩នាក់ មាន ២វិញ្ញាសា ២នាក់ ទល់ ២នាក់ បុរស និង ៣នាក់ ទល់ ៣នាក់ ចម្រុះ ។
លោក សាមឺឌី ស៊ីវឌ្ឍនា បានមានប្រសាសន៍ថា រាល់ការប្រកួតនីមួយៗ គឺដើម្បីដកស្រង់បទពិសោធន៍ វាស់ស្ទង់គុណផលបច្ចេកទេស ភាពសប្បាយរីករាយ ទទួលបានសុខភាពល្អ និងជៀសផុតពីភាពអសកម្មផ្សេងៗនៅសង្គមផងដែរ។ “ការប្រកួតកីឡាប៉េតង់ពានរង្វាន់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា” ឆ្នាំ២០២៤” នាឱកាសនេះ កីឡាករ កីឡាការិនី សុទ្ធសឹងតែជាបុគ្គលិកអប់រំ របស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ដែលអាចនឹងទទួលបានបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការថ្មី លើគ្រប់ផ្នែកបន្តែមទៀត។
កម្ពុជាយើងនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា The 5th Asian Youth Games 2029 ដោយបានការឯកភាពរួចហើយពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយឡែក ដោយយោងស្មារតីនៃកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសិស្សអាស៊ានកាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ នៅទីក្រុង ក្រុង Danang ប្រទេសវៀតណាម សម្រាប់ឆ្នាំ២០២៨ កម្ពុជា ក៏នឹងគ្រោងរៀបចំ ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៧ ក្រាន់តែមិនទាន់បានការអនុញ្ញាតពីរាជរដ្ឋាភិបាលនៅឡើយ។ ដូចនេះ ព្រឹត្តិការណ៍អន្តរជាតិច្រើនទៀត ដែលប្រទេសក្នុងតំបន់អាស៊ាន ចង់ឲ្យកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិ ទាំងនេះហើយដោយកត្តាសន្តិភាព និងស្ថេរភាពនយោបាយរបស់កម្ពុជា៕
ដោយ៖ លី ភីលីព