ភ្នំពេញ ៖ គ្រូបង្វឹកកីឡាហែលទឹកកម្ពុជា ចំនួន ២៥ នាក់ បានចូលរួមវគ្គវគ្គ សាមគ្គីអូឡាំពិកស្តីពី គ្រូបង្វឹកកីឡាហែលទឹក កម្រិត១ (OLYMPIC SOLIDARITY COACHING COURSE OF SWIMMING IN LEVEL 1) ក្រោមការចែក រម្លែក ពីគ្រូឧទ្ទេសអន្តរជាតិ រយៈពេល៧ថ្ងៃពីថ្ងៃទី៩-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសហព័ន្ធខ្មែរកីឡាហែលទឹក នៃពហុកីឡដ្ឋាន ជាតិអូឡាំពិក ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាហែលទឹក នេះ យើងផ្តោតលើកម្រិត១ ដែលពួកគាត់ធ្លាប់ទទួល បានការបណ្តុះបណ្តាល កម្រិតបឋមរួចហើយៗ គោលដៅសហព័ន្ធចង់ឲ្យគ្រូបង្វឹកទាំងនោះយក ចំណេះដឹងទៅហ្វឹកហាត់ បន្តដល់កីឡាករ-កីឡាការិនីវ័យក្មេងៗ។ វគ្គនេះមានរយៈពេល១សប្តាហ៍ ដោយគ្រូឧទ្ទេសនឹងចែករំលែកចំណេះដឹងក្នុងថ្នាក់ និងអនុវត្តផ្ទាល់ដោយនឹងយកកីឡាករ កីឡាការិនីក្មេងៗ មកចូលរួមហ្វឹកហាត់ជាមួយ ។ នៅពេលដែលមានកំហុសឆ្គងក្នុងអំឡុងវគ្គសិក្សានេះ គ្រូឧទ្ទេសនឹងជួយ កែតម្រូវនូវរាល់កំហុសឆ្គងមួយចំនួនដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកផងដែរ ។

លោក ហែម គីរី បានបង្ហាញក្តីសង្ឃឹមថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ទៅ សិក្ខាកាម ដែលជាគ្រូបង្វឹកកម្រិត១ ទាំង២៥នាក់ នឹងយកចំណេះដឹងទាំងអស់ ទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនី នៅតាមអង្គភាព ក្លឹបនានាឱ្យមានការ រីកចម្រើនទាំងបរិមាណ និងគុណភាព នាថ្ងៃអនាគត ។ លោកបន្ថែមថា គ្រូបង្វឹក ទាំងអស់មានវ័យក្មេងៗ ដែលសហព័ន្ធខ្មែរ កីឡាហែលទឹកបានផ្តល់ឱកាសជូនដល់ពួកគាត់ ដើម្បីអភិវឌ្ឍសមត្ថភាពពួកគាត់ ក្នុងគោលដៅពង្រីកធនធាន ថ្នាលយុវជនហែលទឹក ឱ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពនាថ្ងៃអនាគតផងដែរ ។

វគ្គសាមគ្គីអូឡាំពិកស្តីពី គ្រូបង្វឹកកីឡាហែលទឹក កម្រិត១នេះ បង្រៀនដោយគ្រូឧទ្ទេស លោក Lopez Akvarado Miguel Angel ជាជនជាតិអេស្ប៉ាញ មកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ក្រោមការសម្របសម្រួល ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។

មានសិក្ខាកាមចូល រួមចំនួន ២៥នាក់មកពីមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មន្ទីអប់រំ យុវជន និងកីឡាខេត្ត បាត់ដំបង ក្លឹបកីឡាហែលទឹកនាគរាជកំពង់ចាម ក្លឹបហែលទឹកកោះធំខេត្តកណ្តាល ក្លឹបហែលទឹកកោះធំខេត្តកណ្តាល សមាគមកីឡាហែលទឹកកងយោធពលខេមរភូមិន្ទ ក្លឹបក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងសហព័ន្ធខ្មែរកីឡាហែលទឹកផងដែរ៕


