ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីអប់រំអូឡាំពិក និងសមភាពយេនឌ័រ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្មារតីដល់ស្ត្រី ឱ្យចូលរួមក្នុងវិស័យកីឡាកម្ពុជា ទាំងក្នុងនាមជាអត្តពលិក និងជាថ្នាក់ដឹកនាំ ស្របតាមចក្ខុវិស័យ របស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ។
លោក ប៊ុយ សុភ័ណ្ឌ បានសង្កត់ធ្ងន់ថា ក្រោមការចង្អុលបង្ហាញរបស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធាន NOCC និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គឺNOCC បានរៀបចំកម្មវិធីអប់រំអូឡាំពិក និងសមភាពយេនឌ័រ ក្នុងវិស័យកីឡា ដោយឆ្នាំនេះមានការចូលរួមពីសិស្សានុសិស្ស អនុវិទ្យាល័យវត្តដំបូកខ្ពស់ និងវិទ្យាល័យឫស្សីកែវ ចំនួន ១០០នាក់។
លោក ប៊ុយ សុភ័ណ្ឌ បន្ថែមថា ឆ្នាំ២០២៤នេះ យើងផ្តោតសំខាន់ លើសមភាពយេនឌ័រ ក្នុងវិស័យកីឡា ដោយមានការចូលរួមពីសិស្សានុសិស្សជានារីសុទ្ធ និងលើកទឹកចិត្ត ដល់ពួកគាត់ ឱ្យចូលរួមលេងកីឡា ឱ្យបានច្រើន។ ក្រៅពីការអប់រំគុណតម្លៃអូឡាំពិក គឺយើងបានរៀបចំការលេងកីឡាវាយសី ដោយមានការចូលរួមបង្ហាញបច្ចេកទេស របៀបលេងពី កីឡាការិនីវាយសីជម្រើសជាតិកម្ពុជា ក្រោមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រជាជនម្នាក់លេងកីឡា១ប្រភេទប្រចាំជីវិត។ ការរៀបចំកម្មវិធីអប់រំអូឡាំពិក និងសមភាពយេនឌ័រ ក្នុងវិស័យកីឡានេះ ទទួលបានការជួយឧបត្ថម្ភពីក្រុមប្រឹក្សា កីឡាអូឡាំពិកអាស៊ី ដើម្បីលើកស្ទួយដល់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡា ទាំងការចូលរួមនៅក្នុង នាមជាអត្តពលិក និងមន្ត្រីបច្ចេកទេសជាដើម ក្នុងការឈានឆ្ពោះទៅថ្ងៃអនាគត ដើម្បីក្លាយជាអ្នកដឹកនាំ ក្នុងវិស័យកីឡាទាំងថ្នាក់ជាតិ និងអន្តរជាតិផងដែរ» ។
ទីប្រឹក្សា NOCC រូបនេះ គូសបញ្ជាក់ទៀតថា ៖«នៅក្នុងចក្ខុវិស័យ របស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ក៏ដូចជាគណៈកម្មាធិការអូឡាំពិកអន្តរជាតិចង់ផ្តល់ឱកាស និងលទ្ធភាពជូនដល់ស្ត្រី ចូលរួមឱ្យបានច្រើន ក្នុងនាមជាអត្តពលិក ក៏ដូចជាជាថ្នាក់ដឹកនាំ។ ជាក់ស្តែងដូចជា នៅក្នុងការប្រកួតកីឡាអូឡាំពិកហ្គេម ២០២៤ សម្រាប់ចំនួន និងភាគរយរបស់អត្តពលិកបុរស និងនារីមាន៥០%ស្មើគ្នា ដែលជាភាពជោគជ័យថ្មីមួយ និងជាលើកដំបូង ក្នុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ ដែលមានចំនួនស្មើគ្នា ៥០%ដូចគ្នា»។
ងាកមកវិស័យកីឡាកម្ពុជាវិញ ត្រូវបានលោក ប៊ុយ សុភ័ណ្ឌ លើកឡើងបន្ថែមថា សម្រាប់កីឡាការិនី ក្នុងវិស័យកីឡា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានសក្តានុពលខ្ពស់ខ្លាំង ដូចជាកីឡាការិនី ស៊ន សៀវម៉ី និងកីឡាការិនី កែ ឡេង ជាដើម ខណៈការចូលរួមរបស់សិស្សានុសិស្ស ជានារី ក្នុងវិស័យកីឡាក៏មានច្រើនគួរឱ្យកត់សម្គាល់ បន្ទាប់ពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កន្លងទៅ ដែលកម្ពុជាទទួលរៀបចំ ធ្វើម្ចាស់ផ្ទះប្រកបដោយភាព ជោគជ័យដ៏ធំធេងជាប្រវត្តិសាស្ត្រ ។
ក្នុងនាមគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោកបានអំពាវនាវដល់យុវជន យុវនារីចូលរួមលេងកីឡាឱ្យបានច្រើនកុះករ ស្របតាមយុទ្ធនាការជាតិ របស់យើង គឺប្រជាជនម្នាក់លេងកីឡា ១មុខប្រចាំជីវិត ហើយក្នុងនាមជាយុវជន យុវនារីសូមចូលរួមដល់ដំណើរការត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ នៅកម្ពុជាផងដែរ៕