ភ្នំពេញ ៖ ក្រោមការសហការ រវាងស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា ខេមរសហព័ន្ធយូដូ យ៉ាងស្និតស្នាល នោះនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ស្ថានទូតជប៉ុន បាននាំយកកីឡាការិនីយូដូ ម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងបារីស ប្រទេស បារាំង Christa Deguchi បានមកចែករម្លែកចំណេះដឹង និងបច្ចេកទេសផ្នែកកីឡាយូដូ ដល់ក្រុមជម្រើស ជាតិកម្ពុជា ដោយផ្ទាល់នៅទីលានហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូ ជម្រើសជាតិកម្ពុជា បានប្រាប់ឲ្យដឹងថា ស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានសហការជាមួយ ខេមរសហព័ន្ធយូដូ បានអញ្ជើញកីឡាការិនីយូដូ ដើមកំណើតជប៉ុន ជនជាតិកាណាដាម្ចាស់ មេដាយមាស កីឡាអូឡាំពិក ទីក្រុងបារីស មកចែករម្លែកចំណេះដឹង និងបច្ចេកទេសផ្នែកកីឡាយូដូ ដល់ក្រុមជម្រើសជាតិ កម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ថ្ងៃទី ១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤ ។

កីឡាការិនីយូដូម្ចាស់មេដាយមាស អូឡាំពិកប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាមក៏បាននាំកីឡាករ-កីឡាការិនី ៣រូបទៀតមកជាមួយរូបនាង ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងបារីស ប៉ុន្តែពួកគាត់មិន ទទួលបានមេដាយឡើយ ។ នេះជាកិត្តិយសមួយដ៏ល្អក្នុងប្រវត្តិសាស្រ្តរបស់ខេមរសហព័ន្ធយូដូ ហើយជាការលើកទឹកចិត្ត ដល់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិយូដូកម្ពុជា ជាពិសេសលោកគ្រូអ្នកគ្រូបង្វឹកផងដែរ ។

លោកគ្រូបង្វឹកកីឡាយូដូ ជម្រើសជាតិកម្ពុជា បានបន្តថា មិនត្រឹមតែចែករម្លែកចំណេះដឹង និងបច្ចេកទេសទេ ថែមទំាងបង្ហាញស្នៀតថ្មីៗជាច្រើន និងច្បាប់ថ្មី នៃការប្រកួតកីឡាយូដូដល់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិយូដូកម្ពុជា ដូច្នេះលោកគ្រូអ្នកគ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនី ចេះត្រូវដឹងច្បាប់ការប្រកួតកីឡាយូដូ ប្រសិនបើអត្តពលិកមិនដឹង ច្បាប់ការប្រកួតនឹងចាញ់គូប្រកួតមិនខានឡើយ ។

លោក ម៉ារ វង្សវិបុល បានបន្តថា លោកគ្រូអ្នកគ្រូបង្វឹកអាចបង្ហាត់ ក្រុមអត្តពលិកវ័យក្មេង បានយ៉ាងល្អប្រសើរ រូបលោកក៏មានគ្រោងអភិឌ្ឍន ប្រភេទកីឡានេះនៅកម្ពុជាឲ្យមានការរីកចម្រើនខ្លាំង ហើយនេះក៏ជាក្តីសុបិន្ត របស់លោកដែលចង់មានសកម្មភាពបែបនេះ ក្នុងប្រទេសកម្ពុជា ។ ការអភិឌ្ឍប្រភេទកីឡាយូដូល្អ និងឆ្នើមចេញពី ក្មេងដូចលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាន ប្រាប់លោកថា ការបណ្តុះបណ្តាលប្រភេទកីឡាតេក្វាន់ដូ WT ចេញពីក្មេងតាមសាលារៀនឯកជន និងរដ្ឋ ដូច្នេះខេមរសហព័ន្ធយូដូ នឹងត្រៀមខ្លួនបែបនេះ ។

លោកគ្រូបង្វឹកកីឡាយូដូជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ការបណ្តុះបណ្តាលកីឡាករ-កីឡាការិនីយូដូនាពេលនេះ សម្រាប់ត្រៀម ចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យ ឆ្នាំ២០២៨ និងព្រឹត្តិការណ៍ការប្រកួត កីឡាជ្រើសរើស ជើងឯកយុវជនអាស៊ី ឆ្នាំ២០២៩ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ។ លោកសូមអរគុណ ដល់ថ្នាក់ដឹកនាំ និងស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា ដែលបានជួបឧបត្ថម្ភ ៕
ដោយ៖លី ភីលីព



