ភ្នំពេញ ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំវាយតម្លៃ លើលក្ខណៈបច្ចេកទេសកីឡាករ និងគ្រូបង្វឹក ដែលបានទទួលមេដាយ ពីការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ការប្រកួតអាស៊ី និងការប្រកួតពិភពលោករបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ក្នុងបរិវេណពហុកីឡដ្ឋាន ជាតិអូឡាំពិក ។

សហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់កម្ពុជា ចូលរួមការប្រកួតជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោកឆ្នាំ២០២៤ រួមមានចូលរួមការ ប្រកួតជ្រើសរើសជើងឯក កីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី ១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសឡាវ ។ សម្រាប់វិញ្ញាសា Men’s Athletic Physique up to 160cm មានកីឡាករចូលរួមចំនួន ៤ នាក់ មកពី ៣ ប្រទេសចូលរួម ជាលទ្ធផលកម្ពុជាទទួលបានមេដាយប្រាក់ ១ គ្រឿង និងវិញ្ញាសា Men’s Sport Physique Over 175cm មានកីឡាករចំនួន ៥នាក់ មកពី ៣ ប្រទេសចូលរួម ជាលទ្ធផលកម្ពុជា ទទួលបានមេដាយប្រាក់១គ្រឿង
ចំណែកការប្រកួតជ្រើសរើស ជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី៥៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅកោះបាតាំ ប្រទេសឥណ្ឌូនេស៊ី លើវិញ្ញាសា Men’s Sport Physique Over 180cm ដែលមានកីឡាករចំនួន ៤ នាក់ មកពីចំនួន ៤ ប្រទេសចូលរួម ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាស ១គ្រឿង។

រីឯការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោកលើកទី១៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ លើវិញ្ញាសា Men’s Sport Physique Over 180cm+4Kg ដែលមានកីឡាករសរុប ១០ នាក់ មកពីចំនួន ១០ប្រទេសចូលរួម ជាលទ្ធផលកម្ពុជាទទួលបានមេដាយសំរឹទ្ធ ១ គ្រឿង។
សរុបមេដាយមាសចំនួន ៤គ្រឿង ជើងឯកអាស៊ីអាគ្នេយ៍ មេដាយប្រាក់ចំនួន ២គ្រឿង ជើងឯកអាស៊ីមេដាយ មាសចំនួន ១គ្រឿង និងជើងឯកពិភពលោក មេដាយសំរឹទ្ធចំនួន ១គ្រឿង៕
ដោយ៖លី ភីលីព



