ខេត្តកែប៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានបន្ដរៀបចំកម្មវិធីអប់រំ និងផ្សព្វផ្សាយពីគុណតម្លៃនៃកីឡាអូឡាំពិកដល់សិស្សានុសិស្សជាច្រើន នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ដែលបង្រៀនដោយលោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោក ប៊ុយ សុភ័ណ្ឌ បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានបន្តផ្សព្វផ្សាយពីគុណតម្លៃនៃកីឡាអូឡាំពិកជាលើកទី៥ ថ្ងៃនេះក្រុមការងារកំពុងធ្វើការផ្សព្វផ្សាយនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ក្រោមប្រធានបទ “យុវជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត” ដូចជាកម្ពុជាឆ្ពោះទៅព្រឹតិ្តការណ៍ការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ ។

លោកសង្កេតឃើញថា ទំាងការសិក្សា ទាំងចូលរួមលេងកីឡាពួកគាត់មានការសប្បាយរីករាយ និងស្វែងយល់ពីប្រវត្តិសាស្រ្តកីឡាអូឡាំពិក និងដំណើរនៃការបង្កើតចលនាអូឡាំពិកសម័យទំនើប។ សិស្សានុសិស្សទំាងអស់បានចូលរួមយុទ្ធនាការព្រឹតិ្តការណ៍ការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត ៕




ដោយ៖ លី ភីលីព
