ខេត្តកណ្តាល៖ ក្រុមបាល់ទាត់វ័យចាស់តាខ្មៅស្រុកយើង និងក្រុមបាល់ទាត់វ័យចាស់ SCV FC ទទួលបាន ៣ពិន្ទុដូចគ្នា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ការប្រកួតកីឡាបាល់ទាត់វ័យចាស់ក្នុងព្រឹត្តិការណកីឡាសម្រាប់ទំាងអស់គ្នាប្រចាំខេត្តកណ្តាល ប្រចាំឆ្នាំ២០២៤ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅក្រុងតាខ្មៅ នៅកីឡដ្ឋានខេត្តកណ្តាលរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។
ក្រុមបាល់ទាត់វ័យចាស់តាខ្មៅស្រុកយើង បានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់មហាមិត្តក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ០ ចំណែកក្រុមបាល់ទាត់វ័យចាស់ SCV FC បានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ មុខកំពូលក្នុងលទ្ធផលបច្ចេកទេស ៥ ទល់នឹង ១ ដូច្នេះក្រុមបាល់ទាត់វ័យចាស់ SCV FC ឈរលើកំពូលតារាងបណ្តុះអាសន្ន។

សម្រាប់ការប្រកួតនារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមបាល់ទាត់វ័យចាស់មហាមិត្តត្រូវប៉ះជាមួយក្រុមបាល់ទាត់វ័យចាស់ មុខកំពូល រីឯក្រុមបាល់ទាត់វ័យចាស់តាខ្មៅស្រុកយើងប្រកួតជាមួយក្រុមបាល់ទាត់វ័យចាស់ SCV FC នៅក្រុងតាខ្មៅ នៅកីឡដ្ឋានខេត្តកណ្តាល លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាបាល់ទាត់វ័យចាស់ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៤ បង្កើតឡើងក្នុងគោលបំណងឲ្យកីឡាករវ័យចាស់ ឬអ្នកដែលស្នេហាវិស័យបាល់ទាត់មានឱកាសចូលលេងលើទីលាន និងទទួលបានឱកាសបញ្ចេញជាតិពុលតាមរយៈការលេងកីឡា។

ប្រធានការិយាល័យអប់រំកាយ និងកីឡាបានបន្តថា ការប្រកួតធ្វើឡើងក្នុងគោលបំណង រឹតចំណងមិត្តភាព រវាងក្រុមបាល់ទាត់វ័យចាស់តាមបណ្តាលក្រុងស្រុក និងក្រុមបាល់ទាត់វ័យចាស់ផ្សេង ដើម្បីផ្សព្វផ្សាយ ព្រមទំាងជំរុញឲ្យយុវជនក្នុងខេត្តកណ្តាលនាំគ្នាលេង កីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីយុវជនម្នាក់ទៅយុវជនម្នាក់ទៀត ។

ប្រធានការិយាល័យអប់រំកាយ និងកីឡា នេះជាការប្រកួតមិត្តភាពមួយ ដើម្បីរឹតចំណងរវាងក្រុមទំាងអស់ដែលបានចូលរួម ជាពិសេសក្រុមប្រមូលផ្តុំកីឡាករបាល់ទាត់វ័យចាស់ អតីតជម្រើសជាតិកម្ពុជា និង គ្រូបង្វឹកកីឡាបាល់ទាត់កម្ពុជា និងផ្ដោតតែលើសុខភាព និងលេងដើម្បីបង្ហាញពីការចូលរួមលេង កីឡាទាំងអស់គ្នាស្រប តាមអនុសាសន៍របស់សម្ដេច “ប្រជាពលរដ្ឋម្នាក់លេងកីឡា យ៉ាងហោចណាស់មួយមុខ” ៕


ដោយ៖ លី ភីលីព
