ភ្នំពេញ៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក ណយ ផាណា ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក និងលោក Lopez Akvarado Miguel Angel ជាជនជាតិអេស្ប៉ាញមកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិបានអញ្ជើញចូលរួមពិធីបិទវគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាហែលទឹក កម្រិត១ (OLYMPIC SOLIDARITY COACHING COURSE OF SWIMMING IN LEVEL 1) ដែលមានរយៈពេល ៧ថ្ងៃ ពីថ្ងៃទី៩-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកនេះ មានសិក្ខាកាមចូលរួមចំនួន ២៥ នាក់មកពីមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មន្ទីអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ក្លឹបកីឡាហែលទឹកនាគរាជកំពង់ចាម ក្លឹបហែលទឹកកោះធំខេត្តកណ្តាល ក្លឹបហែលទឹកកោះធំខេត្តកណ្តាល សមាគមកីឡាហែលទឹកកងយោធពលខេមរភូមិន្ទ ក្លឹបក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងសហព័ន្ធខ្មែរកីឡាហែលទឹកផងដែរ។

លោកអគ្គលេខាធិការបានបន្តថា វគ្គសាមគ្គីអូឡាំពិកស្តីពី គ្រូបង្វឹកកីឡាហែលទឹក កម្រិត១នេះ បង្រៀនដោយគ្រូឧទ្ទេស លោក Lopez Akvarado Miguel Angel ជាជនជាតិអេស្ប៉ាញមកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ សព្វថ្ងៃនេះសហព័ន្ធខ្មែរកីឡាហែលទឹកមានការរីកចម្រើនយ៉ាងខ្លាំង ក្រោមការដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។

លោក ណយ ផាណា ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទំាងអស់ដែលជាគ្រូបង្វឹកកម្រិត ១ នឹងយកចំណេះដឹងទាំងអស់ទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីនៅតាមអង្គភាព និងក្លឹបនានាឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព នាថ្ងៃអនាគត។ លោកបន្ថែមថា គ្រូបង្វឹកទាំងអស់មានវ័យក្មេងៗ ដែលសហព័ន្ធខ្មែរកីឡាហែលទឹកបានផ្តល់ឱកាសជូនដល់ពួកគាត់ ដើម្បីអភិវឌ្ឍសមត្ថភាពពួកគាត់ ក្នុងគោលដៅពង្រីកធនធានថ្នាលយុវជនហែលទឹកឲ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពនាថ្ងៃអនាគតផងដែរ៕


ដោយ៖ លី ភីលីព
