វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកចាំទី Filip Nguyen ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានប្រកាន់យកទំនៀមទម្លាប់ប្រពៃណីវៀតណាមក្នុងការសុំសំណាងល្អ ដើម្បីបង្កើនទំនុកចិត្តរបស់ខ្លួន មុនការប្រកួតរបស់វៀតណាមប៉ះជាមួយឥណ្ឌូនេស៊ី ក្នុងវគ្គចែកពូល ASEAN Cup 2024។
វីដេអូមួយដែលត្រូវបានបង្ហោះដោយកីឡាករ Filip នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រធានក្រុម Do Duy Manh ត្រូវបានគេមើលឃើញថា កំពុងដុតក្រដាសដែលជាទំនៀមទម្លាប់របស់វៀតណាមហៅថា “Dot Via” ត្រូវគេជឿថា អាចការពារអំពើអាក្រក់ទំាងឡាយ បន្ទាប់ពីដុតក្រដាសនោះ Manh បានដាក់វានៅលើឥដ្ឋ ហើយប្រាប់ Filip ឲ្យលោតពីលើភ្លើង ៧ដង។ ប្រធានក្រុមវៀតណាមបាននិយាយថា សូមឲ្យមានសំណាងល្អឲ្យ Filip នូវសំណាងទាំង៥។
លោក Filip បានសរសេរចំណងជើងវីដេអូថា អរគុណមិត្តភក្តិរបស់ខ្ញុំ Do Duy Manh ដែលបានបង្រៀនខ្ញុំពីវិធី “Dot Via ។ តើអ្នកគិតថាវានឹងជួយឱ្យខ្ញុំក្លាយជាសំណាងជាងនេះទេ? ចំណែកកីឡាករ Manh ក្រោយមកបានបំភ្លឺថា ទង្វើនេះមិនមែនជាអបិយជំនឿទេ ប៉ុន្តែមានគោលបំណងបំបាត់ភាពតានតឹងរបស់កីឡាករ Filip ដើម្បីបង្កើនទំនាក់ទំនងរវាងមិត្តរួមក្រុម និងណែនាំគាត់ឲ្យស្គាល់វប្បធម៌វៀតណាម។
កីឡាករ Filip បានសាទរចំពោះឱកាសរបស់លោកក្នុងការប្រកួតបើកឆាករបស់វៀតណាមជាមួយក្រុមឡាវការប្រកួត ASEAN Cup 2024 កាលពីថ្ងៃចន្ទ ហើយថែមទាំងបានចេញផ្សាយកាលបរិច្ឆេទ និងព័ត៌មានលម្អិតនៃការប្រកួតក្នុងពូលចំនួនបួននៅលើស្រោមដៃរបស់លោក។ យ៉ាងណាមិញ គ្រូបង្វឹក Kim Sang-sik បានជ្រើសរើសអ្នកចាំទី Nguyen Dinh Trieu ដោយទុក Filip នៅកៅអីបម្រុង៕