ភ្នំពេញ៖ លោក អ៊ុច សុខមនី អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជាតំណាងឲ្យអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជានាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាកិត្តិយសក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តិចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក អ៊ុច សុខមនី អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានមានប្រសាសន៍ថា ក្នុងនាមប្រធាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្ដែងនូវអំណរ ស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន សហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡា ការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២៤នេះ ឲ្យកើតឡើងប្រកបដោយជោគជ័យ រីករាយ ក្នុងគោលបំណងលើកកម្ពស់ ធនធានគ្រូកីឡាការ៉ាតេ ឲ្យមានសក្តានុពល ដើម្បីឲ្យគ្រូៗកាន់តែយល់ច្បាស់អំពីរបៀបនៃដំណើរការបង្ហាត់ និង ការត្រៀមលក្ខណៈផ្សេងៗ ដើម្បីពង្រឹងនូវគុណភាពនៃការបង្ហាត់ឲ្យកាន់តែល្អប្រសើរ ដែលធ្វើឲ្យកីឡាករ-កីឡាការិនីហ្វឹកហាត់បានពូកែ។ ម្យ៉ាងទៀត ក៏ដូចជាត្រៀមលក្ខណៈកីឡាករ-កីឡាការិនី ចូលរួមក្នុងព្រឹត្តិការណ៍ នៃការ ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផងដែរ។
អគ្គលេខាធិការរងបានបន្តថា ឆ្លងតាមរបាយការណ៍របស់ គណៈកម្មការវគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២៤នាពេលនេះ បានបង្ហាញឲ្យឃើញថា សិក្ខាដែលបានមករៀនវគ្គនេះ មានចំនួន ៤៥នាក់ ដែលបង្រៀនដោយ លោកសាស្ត្រាចារ្យ ដែក ភារៈ ជា គ្រូដឹកនាំកីឡាការ៉ាតេអាស៊ី លោកសាស្ត្រាចារ្យ ហេង ផេង ក៏ជាគ្រូដឹកនាំកីឡាការ៉ាតេអាស៊ីផងដែរ និងលោកព្រឹទ្ធាចារ្យ យាន ងួន មានបទពិសោធន៍ក្នុងការបង្ហាត់បង្រៀនកីឡាការ៉ាតេជាច្រើនឆ្នាំ ទាំងក្នុងប្រទេស និងអន្តរជាតិ។
សិក្ខាកាមដែលមករៀនទាំងអស់ មានការខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ដើម្បី យកចំណេះនេះចូលរួមចំណែកក្នុងការអភិវឌ្ឍគ្រូនៅកម្ពុជាឲ្យកាន់តែរីកចម្រើនទាំងផ្នែក បរិមាណ និងគុណភាព ដោយទទួលបានលទ្ធផលល្អ គួរជាទីមោទកភាព។ វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២៤ នាពេលនេះ ជាអឆ្លុះបញ្ចាំងនូវ សមត្ថភាព ចំណេះដឹង បទពិសោធន៍ បច្ចេកទេស និងទេពកោសល្យរបស់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ អស់ពីមត្ថភាពរបស់ខ្លួនក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ ក្នុងការរៀនសូត្រ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកសូមផ្តាំផ្ញើនូវចំណុចមួយចំនួន ចំពោះលោកគ្រូ អ្នកគ្រូបានបញ្ចប់វគ្គបណ្តុះបណ្តាល ប្រកបដោយជោគជ័យនាពេលនេះ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះ វិជ្ជាជីវៈជាគ្រូបង្ហាត់ ដោយប្រកាន់ខ្ជាប់នូវសច្ចៈ យុត្តិធម៌ ដើម្បីរក្សានូវ គុណតម្លៃនៃវិជ្ជាជីវៈរបស់ខ្លួន។ លោកក៏សូមថ្លែងអំណរគុណចំពោះ NOCC បានផ្តល់នូវទីតាំងសម្រាប់រៀនវគ្គ និងក្រសួងអប់រំ យុវជន និងកីឡាបានឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា ឲ្យមានការរៀនវគ្គនេះឲ្យកើតឡើង ប្រកបដោយជោគជ័យនាថ្ងៃនេះ ដើម្បីអភិវឌ្ឍន៍វិស័យគ្រូបង្ហាត់កីឡាការ៉ាតេ ឲ្យកាន់តែមានគុណភាព និង បានល្អប្រសើរថែមទៀត សម្រាប់សហព័ន្ធកីឡាការ៉ាតេកម្ពុជា។
លោកសាស្ត្រាចារ្យ ដែក ភារៈ បាននិយាយថា ក្នុងនាមជាគ្រូឧទ្ទេសនាម និងសិក្ខាកាម នៃវគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាការ៉ាតេ កម្រិតមធ្យម ថ្នាក់ជាតិ ឆ្នាំ២០២ ២៤ទាំងអស់ ខ្ញុំសូមគោរពសម្ដែងការស្វាគមន៍ អបអរស អរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រ ជ្រាលជ្រៅចំពោះ លោក អ៊ុច សុខមនី អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានអញ្ជើញ ចូលរួមជាគណៈអធិបតីនាឱកាសនេះ ដែលញ៉ាំងឲ្យពិធីនេះកាន់តែមានភាពរីករាយ ស្និទ្ធស្នាលយ៉ាងកក់ក្តៅបំផុត។ ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរនេះ ខ្ញុំសូមអនុញ្ញាតគោរពរាយការណ៍ជូន គណៈអធិបតី និងអង្គពិធីទាំងមូល អំពីសកម្មភាពវគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២៤ ។
សហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានជួយឧបត្ថម្ភ គាំទ្រ ទំនុកបំរុង ថែបំប៉ន ទាំងស្មារតី សម្ភារៈ ថវិកា ជម្រុញឱ្យវិស័យកីឡាការ៉ាតេកម្ពុជា មានសន្ទុះអភិវឌ្ឍន៍ ឈានទៅមុខជាជំហានៗ លើការអភិវឌ្ឍន៍ធនធានមនុស្ស ទាំងបរិមាណ គុណភាព សមត្ថភាព និងគុណធម៌ ដែលជា កត្តាគន្លឹះ ជាត្រីវិស័យ សម្រាប់លើកស្ទួយសមត្ថភាពការងារជំនាញ និងមានស្មារតីទទួលខុសត្រូវនូវតួនាទី ភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសើរ។ ជាក់ស្តែង វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាកីឡាការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២៤ មានសាលាគុន សមាគម ក្លឹប ចំនួន៤៥ចូលរួម ដែលមានសិក្ខាកាមចំនួន ៤៥នាក់ ក្នុងនោះនារី ចំនួន ០៩នាក់។
ចំពោះគ្រូឧទ្ទេសនាមនាវគ្គបណ្តុះបណ្តាលនេះ ដោយលោកសាស្ត្រាចារ្យ ដែក ភារៈ ជាគ្រូដឹកនាំកីឡា ការ៉ាតេអាស៊ី និងមានការចូលរួមផងដែរពីលោកសាស្ត្រាចារ្យ ហេង ផេង ក៏ជាគ្រូដឹកនាំកីឡាការ៉ាតេអាស៊ី ផងដែរ និងលោកព្រឹទ្ធាចារ្យ យាន ងួន ដែលមានបទពិសោធន៍ក្នុងការបង្ហាត់បង្រៀនកីឡាការ៉ាតេជាច្រើនឆ្នាំ ទាំងក្នុងប្រទេស៕
ដោយ៖ លី ភីលីព