ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បិទវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកថ្នាក់មូលដ្ឋាន ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៥ ខែធ្នូ នេះ សហព័ន្ធកីឡា ចំបាប់កម្ពុជា សហការជាមួយមន្ទីរអប់រំ កាយ និងកីឡាខេត្តកំពង់ឆ្នាំង ក្រោមការឧបត្តម្ភពី ក្រសួងអប់រំយុវជន និងកីឡា នៅខេត្តកំពង់ឆ្នាំង ។

កញ្ញា កាង ណុចបវរ អគ្គលេខាធិការសហព័ន្ធ បាននិយាយថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាក់មូលដ្ឋានមានសិក្ខាកាម ចំនួន ២៥ នាក់ក្នុងនោះមាននារីចំនួន ៩ នាក់។ វគ្គនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ធនធានគ្រូកីឡាឲ្យមានសក្តានុពល ដើម្បីឲ្យគ្រូៗកាន់តែយល់ច្បាស់ អំពីរបៀបនៃដំណើរការបង្ហាត់ និងការត្រៀមលក្ខណៈផ្សេងៗ ដើម្បីពង្រឹងនូវគុណភាព នៃការបង្ហាត់ឲ្យកាន់តែល្អប្រសើរ ដែលធ្វើឲ្យកីឡាករ-កីឡាការិនី ហ្វឹកហាត់បានពូកែ។ ម្យ៉ាងទៀត ក៏ដូចជាត្រៀម លក្ខណៈកីឡាករ-កីឡាការិនី ចូលរួមព្រឹត្តិការណ៍ នៃការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលប្រទេសកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះផងដែរ ។

កញ្ញាអគ្គលេខាធិការបានបន្តថា សិក្ខាកាមដែលមករៀន ទាំងអស់មានការខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀនសូត្រ ដើម្បីយកចំណេះនេះចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍គ្រូនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនទាំងផ្នែក បរិមាណ និងគុណភាព ដោយទទួលបានលទ្ធផលល្អ គួរជាទីមោទកភាព ។ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់មូលដ្ឋាន ឆ្នាំ២០២៤ នាពេលនេះ ជាអឆ្លុះបញ្ចាំងនូវ សមត្ថភាព ចំណេះដឹង បទពិសោធន៍ បច្ចេកទេស និងទេពកោសល្យ របស់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ អស់ពីមត្ថភាពរបស់ខ្លួនក្នុងរយៈពេល ៤ថ្ងៃកន្លងមកនេះ ក្នុងការរៀនសូត្រ ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ កញ្ញាសូមផ្តាំផ្ញើនូវចំណុចមួយចំនួន ចំពោះលោកគ្រូ អ្នកគ្រូបានបញ្ចប់ វគ្គបណ្តុះបណ្តាល ប្រកបដោយជោគជ័យ នាពេលនេះ ត្រូវលើកកម្ពស់ស្មារតី ទទួលខុសត្រូវចំពោះ វិជ្ជាជីវៈជាគ្រូបង្ហាត់ ដោយប្រកាន់ខ្ជាប់ នូវសច្ចៈ យុត្តិធម៌ ដើម្បីរក្សានូវ គុណតម្លៃនៃវិជ្ជាជីវៈរបស់ខ្លួន ។

កញ្ញាក៏សូមថ្លែងអំណរគុណចំពោះមន្ទីរអប់រំ កាយ និងកីឡាខេត្តកំពង់ឆ្នាំង បានផ្តល់នូវទីតាំងសម្រាប់រៀនវគ្គ និងក្រសួងអប់រំ យុវជន និងកីឡាបានឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា ឲ្យមានការរៀនវគ្គនេះឲ្យកើតឡើង ប្រកបដោយជោគជ័យនាថ្ងៃនេះ ដើម្បីអភិវឌ្ឍន៍វិស័យគ្រូបង្វឹកឲ្យកាន់តែមានគុណភាព និង បានល្អប្រសើរថែមទៀត សម្រាប់សហព័ន្ធកីឡាការ៉ាតេកម្ពុជា៕


