ភ្នំពេញ៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរ កីឡាហាប់គីដូ បានសំណេះសំណាល លើកទឹកចិត្ត និង លើកសរសើរជូនដល់កីឡាករ កីឡាការិនីហាប់គីដូទាំងអស់ ដែលបានខិតខំ ហ្វឹកហាត់បង្កើន គុណភាពបច្ចេកទេសរបស់ខ្លួន ត្រៀមចូលរួមប្រកួតកីឡា ហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ ដែលគ្រោងនឹង ធ្វើឡើងពីពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅក្នុងពិធីសំណេះសំណាល់កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ប្រធានស្តីទីមាន ប្រសាសន៍ថា ទោះបីជាការចូលរួមប្រកួតប្រជែង ក្នុងជើងឯកថ្នាក់ជាតិ នាពេលខាងមុខឆាប់ៗ នេះទទួលបានលទ្ធផលល្អ ឬមិនសូវល្អក្តី ក៏កុំបាក់ទឹកចិត្ត ដោយត្រូវពង្រឹងស្មារតី ប្រកួតប្រជែងឱ្យបានល្អ ហើយត្រូវដុសខាត់សមត្ថភាព ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីលោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងលោកគ្រូ អ្នកគ្រូ និងកីឡាករ កីឡាការិនីជាច្រើននាក់ដែរ។

លោកបន្ថែមថា ជាធម្មតា ការប្រកួតតែងតែមានឈ្នះ មានចាញ់ ហើយជាការវាស់ស្ទង់នូវការហ្វឹកហាត់ ឬគុណភាពសមត្ថភាពរបស់កីឡាករ កីឡាការិនីម្នាក់ៗ ពីព្រោះថា ការប្រកួតមានគោលដៅបង្កើនសមត្ថភាព កសាងមិត្តភាព សាមគ្គីភាព ព្រមទាំងអភិវឌ្ឍ បច្ចេកទេសរបស់ខ្លួនផងដែរ ។ លោក គួច ហុងជៀក ក៏បានលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនីចូល រួមប្រកួតលើវិញ្ញាសាឱ្យបានច្រើន ពីព្រោះនេះជាទិសដៅ របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ដើម្បីជំរុញ និងវាស់ស្ទង់កម្រិតបច្ចេកទេសធនធានកីឡាករ កីឡាការិនីល្អៗ ត្រៀមចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អន្តរជាតិ នាឆ្នាំ២០២៥ខាងមុខ។

បន្ថែមពីលើនេះ ប្រធានស្តីទីរូបនេះ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាណាព្យាបាល របស់សិស្សគុនទាំងអស់ ដែលតែងតែយល់ដឹង និងលើកទឹកចិត្តដល់កូនៗ របស់ខ្លួនឱ្យចូលរួមហ្វឹកហាត់ កីឡាដើម្បីសុខភាពល្អ និងអាចក្លាយជាធនធានសម្រាប់ជាតិ ក្នុងវិស័យកីឡាផងដែរ ។ លោកចាត់ទុកថា នេះជាការរួមចំណែក ដ៏សំខាន់របស់ អាណាព្យាបាលទាំងអស់ ក្នុងការលើកតម្កើនដល់សុខភាព របស់សង្គមជាតិ ដោយកាលណាប្រជាជនយើងមានសុខភាពល្អ មានន័យថា ប្រទេសជាតិយើងសម្បូរទៅដោយធនធានមនុស្សច្រើនប្រកប ដោយគុណភាពជីវិត កាន់តែល្អប្រសើរ ហើយជាការកាត់បន្ថយនូវភាពក្រីក្ររបស់ក្រុមគ្រួសារ រួមទាំងសង្គមជាតិយើងផងដែរ។

ជាមួយគ្នានេះ ក្នុងនាមសហព័ន្ធខ្មែរកីឡាហាប់គីដូ លោកក៏បានគូសបញ្ជាក់ទៀតថា ការរៀបចំការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើង ឯកថ្នាក់ជាតិ កាលពីលើកទី១ ឆ្នាំ២០២៣កន្លងទៅ និងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤នេះ មិនមានការគាំទ្រ ជាថវិកាពីស្ថាប័នណានោះទេ ដោយប្រើប្រាស់កញ្ចប់ថវិកាគាំទ្រ រៃអង្គាសរបស់សមាជិក គណៈកម្មការប្រតិបត្តិ សហព័ន្ធផ្ទាល់ខ្លួនម្នាក់ៗ បូករួមជាមួយ នឹងសប្បុរសជន និងក្រុមហ៊ុននានា ដែលបានផ្តល់ការ គាំទ្រប៉ុណ្ណោះ ។

លោក គួច ហុងជៀក ក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) ដែលតែងតែផ្តល់ការគាំទ្រជាស្មារតី ក្នុងការលើកកម្ពស់សកម្មភាព អភិវឌ្ឍជំនាញ កីឡាហាប់គីដូ នៅប្រទេសកម្ពុជា និងការចេញ ទៅប្រកួតអន្តរជាតិកន្លងទៅ។ ជាមួយគ្នានេះ ប្រធានសហព័ន្ធស្តីទីរូបនេះ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលតែងតែផ្តល់ទីតាំង និងសម្ភារផ្សេងៗ ក្នុងន័យគាំទ្រដល់ការរៀបចំប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំផងដែរ៕
