ភ្នំពេញ ៖ លោក គួច ហុងជៀក អនុប្រធាន សហព័ន្ធខ្មែរ កីឡាហាប់គីដូ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍ ការប្រកួតជើងឯក កីឡាហាប់គីដូជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ លើកទី២ ទីតាំងប្រកួត ផ្ទាល់លើទីលានវាយសូហ្វតិន្នីស ក្បែរអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីថ្ងៃទី២១ ដល់២២ ខែធ្នូ ឆ្នាំ២០២៤។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហាប់គីដូ បានប្រាប់ឲ្យដឹងថា យោង ចំណារឯកភាពរបស់ លោកឧកញ៉ា សៅ សេងហាក់ ប្រធាន សហព័ន្ធខ្មែរកីឡាហាប់គីដូ បានអនុញ្ញាតរៀបចំការ ប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯក ថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៤ និងប្រព្រឹត្តិទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ការប្រកួតនេះ មាន ក្លិបកីឡាហាប់គីដូចំនួន ៥ ក្លិប រួមមានសមាគមកីឡា ហាប់គីដូក្រសួងមហាផ្ទៃ ក្លិបកីឡាហាប់គីដូ អូឡាំពិក ក្លិបកីឡាហាប់គីដូ ឥន្ទ្រីយ៍ ក្លិបកីឡាហាប់គីដូ ម៉ាស្ទរសេង និងក្លិបកីឡាហាប់គីដូធីណា ដែលមានកីឡាករ-កីឡាការិនីជិត៨០ នាក់ចូលរួម ។ ការប្រកួតនេះរូបលោក នឹងព្យាយាមធ្វើ ដោយប្រកបការ យកចិត្តទុកដាក់ខ្ពស់ និងស្មារតី មិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅចប់ដោយរលូន និងទទួលបានជោគជ័យ ។

លោកលោក គង់ ចាន់ធីណា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ដែលតែងតែផ្តល់ការគាំទ្រជាស្មារតី ក្នុងការលើកកម្ពស់ សកម្មភាពអភិវឌ្ឍជំនាញកីឡាហាប់គីដូនៅប្រទេសកម្ពុជា និងការចេញទៅប្រកួតអន្តរជាតិកន្លងទៅ។ ជាមួយគ្នានេះ លោកនេះក៏បានថ្លែងអំណរគុណ ដល់លោក យិត ភីរៈ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ដែលតែងតែផ្តល់ទីតាំង និងសម្ភារផ្សេងៗ ក្នុងន័យគាំទ្រដល់ការរៀបចំ ប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំផងដែរ ៕



