ភ្នំពេញ៖ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ទីបំផុតព្រឹត្តការណ៍ប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ បានរកឃើញម្ចាស់ជ័យលាភីតាមប្រភេទវិញ្ញាសានិមួយៗហើយ ពិសេសសម្ព័ន្ធកីឡាប៊ូលនិង ប៉េតង់កងយោធពលខេមរៈភូមិន្ទ ឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោម១៣ សមាគម ក្លឹបចូលរួម ដោយឈ្នះមេដាយច្រើនជាងគេ។

លោក សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា បានមានប្រសាសន៍ ថាការប្រកួតនេះរៀបចំឡើងដើម្បីលើកស្ទួយកីឡាប៊ូល និង ប៉េតង់កម្ពុជា បង្កើនទំនាក់ទំនងរវាងសម្ព័ន្ធក្លឹប និង ផ្តល់ឧកាសដល់កីឡាករ កីឡាការិនី ទូទាំងប្រទេស អាចចូលរួមដុះខាត់សមត្ថភាព និងជាវេទិការសម្រាប់សហព័ន្ធ សម្លឹងមើលកីឡាករ កីឡាការិនី ដែលមានសក្តានុពល និង ឧបនិស្ស័យលើប្រភេទកីឡានេះ ចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិ យុវជន ឬថ្នាល នាឆ្នាំបន្តបន្ទាប់ទៀត។

លោក អគ្គលេខាធិការបានបន្ថែមថា តាមរយៈការប្រកួតឆ្នាំកន្លងមក លោកបានកត់សំគាល់ឃើញថាកីឡាករ កីឡាការិនី ម្នាក់ៗមានទឹកដៃក្នុងការលេងខុសៗគ្នា ហើយពីមួយឆ្នាំទៅមួយឆ្នាំសម្ថភាពក៍កាន់តែរីកចម្រើនឡើង ដូច្នេះការប្រកួតនេះគឺជាទីលានសាកល្បងសមត្ថភាព ជាកន្លែងសម្រាប់ចែករំលែកបទពសោធ និង រៀនសូត្រពីបច្ចេកទេសក្នុងការលេងកីឡាប៊ូល និង ប៉េតង់ ពីគ្នាទៅវិញទៅមក។

លោក អ៊ិន គឹមស្រ៊ុន ប្រធានគណៈការរៀបចំការប្រកួត បានបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងក្រោមកញ្ចប់ថវិការប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកីឡា ដែលបានចាប់ផ្តើមដំណើរនាថ្ងៃទី១៩ ដល់ថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤ ដោយមានប្រតិភូ រាជធានីខេត្តចូលរួម ចំនួន២៧ មានប្រតិភូ កីឡាករ កីឡាការិនី សរុបចំនួន២៨៦នាក់ ។ ដោយក្នុងនោះបែងចែកជា២ប្រភេទ គឺវិញ្ញាសាបំពេញបន្ថែមក្រុមជម្រើសជាតិចំនួន ៤វិញ្ញាសា និង វិញ្ញាសាសម្រាប់ប្រកួតទូទៅមានចំនួន ៤វិញ្ញាសាដូចគ្នា។

ជាលទ្ធផលចំណាត់ជារួម សម្ព័ន្ធកីឡាប៊ូលនិង ប៉េតង់កងយោធពលខេមរៈភូមិន្ទ ឈរចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយសរុបចំនួន ៥ មាស៤ និង សំរឹទ្ធិ១ ។ ក្លឹបមជ្ឈមណ្ឌលកីឡាយោធពលខេមរៈភូមិន្ទ ឈរនៅចំណាត់ថ្នាក់លេខ២ មានមេដាយសរុបចំនួន៣គ្រឿង ដោយមានមាស១ និង ប្រាក់២ ។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅក្លឹបយោធភូមិភាគពិសេស ដោយឈ្នះមេដាយសរុបចំនួន ២ មាស១ និង ប្រាក់១ តាមពីក្រោយដោយក្លឹបអ័រគីដេ ឈ្នះមេដាយសរុប២គ្រឿងដូចគ្នា ដោយមានមាស១ និង ប្រាក់១។ ចំពោះ៩ក្លឹបផ្សេងទៀត ឈរតាមលេខរាងជាបន្តបន្ទាប់ ដោយឈ្នះមេដាយរាងៗខ្លួនផងដែរ៕
