ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា បាននាំកយមេដាយមាស ប្រាក់ និងមេដាយសំរិទ្ធ ចំនួន ៣០ គ្រឿងជូនប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាមអាស៊ី លើកទី៥ (The 5th AVF Asian Vovinam Championship 2024) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងចំណោមក្រុមអត្តពលិកចំនួន ១៩ នាក់ ។

ក្នុងឱកាសវិលត្រឡប់ មកដល់កម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះដោយមានការអញ្ជើញ ស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោកយាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា លោក ខូវ ឆាយ ប្រធានអគ្គលេខាធិការ ក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ។

សម្រាប់មេដាយទាំង ៣០ គ្រឿងរួមមានមេដាយមាស ៧ គ្រឿង មេដាយប្រាក់ ១៧ គ្រឿង និងសំរឹទ្ធ ៦ គ្រឿង លទ្ធផលទំាងនេះធ្វើឲ្យក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ២នៃ ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមអាស៊ី លើកទី៥ (The 5th AVF Asian Vovinam Championship 2024) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី៕



