ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ ក្រសួងការពារជាតិគ្រងតំណែងជើងឯក ខណៈក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រងតំណែងជើងឯករងនៃការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ការប្រកួតរៀបចំដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡានៅមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡាការ៉ាតេ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ “RUPP”) ។
ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ ហនុមាន (ខេត្តកណ្តាល) ជាប់ចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ រស្មីព្រះអាទិ្យ ជាប់ចំណាត់ថ្នាក់លេខ៤ ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ ក្រសួងមហាផ្ទៃ ជាប់ចំណាត់ថ្នាក់លេខ៥ និងក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ ទីក្រុងសេះជាប់ចំណាត់ថ្នាក់លេខ៦។

ព្រឹត្តិការណ៍នេះឲ្យកើតឡើង ប្រកបដោយបរិយាកាសរីករាយ ស្និទស្នាលយ៉ាងជ្រាលជ្រៅ ក្នុងគោលបំណងលើកកម្ពស់ ការអប់រំ សុខមាលភាព ខាងផ្លូវកាយ ផ្លូវចិត្ត និងបច្ចេកទេសដល់កីឡាករ- កីឡាការិនីទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់ប្រកួតនាពេលនេះ ក៏ដូចជាការប្រមែប្រមូលធនធានអត្តពលិកមានសក្តានុពល ចូលរួមប្រកួត ជ្រើសរើសជើងឯកការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២៤ ក៏ដូច ជាការត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ដែលប្រទេសកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ។

សព្វថ្ងៃនេះវិស័យ កីឡាការ៉ាតេ របស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា មានការអភិវឌ្ឍ និងរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្នែក បរិមាណ និងគុណភាព ទាំងក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដែលទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ គួរជាទីមោទកភាព។ ការប្រកួតកីឡាការ៉ាតេនៅថ្ងៃនេះ ជាការបញ្ជាក់នូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ បច្ចេកទេស និងទេពកោសល្យរបស់កីឡាករ-កីឡាការិនី ដែលបានធ្វើការហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំ កន្លងមក មកបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងការប្រកួតនាពេលនេះ៕



ដោយ៖ លី ភីលីព
