ខេត្តកំពង់ឆ្នាំង ៖បិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្តាល និងចៅក្រមកីឡាចំបាប់កម្រិត១ដែលមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែធ្នូ នេះ ដែលសហព័ន្ធកីឡា ចំបាប់កម្ពុជា សហការជាមួយមន្ទីរអប់រំ កាយ និងកីឡាខេត្តកំពង់ឆ្នាំង ក្រោមការឧបត្តម្ភពី ក្រសួងអប់រំយុវជន និងកីឡា នៅខេត្តកំពង់ឆ្នាំង ។

កញ្ញា កាង ណុចបវរ អគ្គលេខាធិការសហព័ន្ធ បាននិយាយថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្តាល និងចៅក្រមកីឡាចំបាប់កម្រិត១ មានសិក្ខាកាម ចំនួន ២៥ នាក់។ វគ្គនេះធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ ធនធានអាជ្ញាកណ្តាល និងចៅក្រមកីឡា ចំបាប់ឲ្យមានសក្តានុពល ដើម្បីឲ្យគ្រូៗកាន់តែយល់ច្បាស់ អំពីរបៀប នៃដំណើរការបង្ហាត់ និងការត្រៀមលក្ខណៈផ្សេងៗ ដើម្បីពង្រឹងនូវគុណភាព ក្នុងការកាត់ក្តីលើទីលាន ប្រកួតឲ្យកាន់តែល្អប្រសើរ ។ ម្យ៉ាងទៀតក៏ដូចជាត្រៀមការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២៤ ។

កញ្ញាអគ្គលេខាធិការបានបន្តថា សិក្ខាកាមដែលមករៀន ទាំងអស់មានការខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀនសូត្រ ដើម្បីយកចំណេះនេះចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍គ្រូនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនទាំងផ្នែក បរិមាណ និងគុណភាព ដោយទទួលបានលទ្ធផលល្អ គួរជាទីមោទកភាព ។

វគ្គបណ្តុះបណ្តាល នាពេលនេះ ជាអឆ្លុះបញ្ចាំងនូវ សមត្ថភាព ចំណេះដឹង បទពិសោធន៍ បច្ចេកទេស និងទេពកោសល្យ របស់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ អស់ពីមត្ថភាពរបស់ខ្លួនក្នុងរយៈពេល ៤ថ្ងៃកន្លងមកនេះ ក្នុងការរៀនសូត្រ។

កញ្ញាក៏សូមថ្លែងអំណរគុណចំពោះមន្ទីរអប់រំ កាយ និងកីឡាខេត្តកំពង់ឆ្នាំង បានផ្តល់នូវទីតាំងសម្រាប់រៀនវគ្គ និងក្រសួងអប់រំ យុវជន និងកីឡាបាន ឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា ឲ្យមានការរៀនវគ្គនេះឲ្យកើតឡើង ប្រកបដោយ ជោគជ័យនាថ្ងៃនេះ ដើម្បីអភិវឌ្ឍន៍វិស័យអាជ្ញាកណ្តាល និងចៅក្រមឲ្យកាន់តែមានគុណភាព និង បានល្អប្រសើរថែមទៀត ៕

