ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក ម៉ែន ម៉ាលីន អនុប្រធានទទួលបន្ទុករួម សហព័ន្ធកីឡាវូស៊ូកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡា វូស៊ីជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ក្រោមការប្រើប្រាស់ ថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោកបណ្ឌិត អ៊ុក ឌីវ៉ង់ បានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីវូស៊ូត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួត SEA GAME 2025 លើកទី៣៣ នៅប្រទេសថៃ បន្ទាប់ពីកីឡាប្រភេទនេះ ត្រូវម្ចាស់ផ្ទះដាក់ក្នុងការប្រកួតជាផ្លូវការ ។ ការប្រកួតកីឡា SEA GAME 2023 លើកទី ៣២ ដែលព្រះរាជាណាចក្រកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ ក្នុងខែឧសភា ឆ្នាំ២០២៣ និងការប្រកួតជាលក្ខណៈអន្តរជាតិ នានា បានទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធិ គ្រប់ពេលប្រកួត ។
លោកបណ្ឌិតបានបន្តថា ព្រឹត្តិការណ៍នេះឲ្យកើតឡើង ប្រកបដោយបរិយាកាសរីករាយ ស្និទស្នាលយ៉ាងជ្រាលជ្រៅ ក្នុងគោលបំណង លើកកម្ពស់ ការអប់រំ សុខមាលភាព ខាងផ្លូវកាយ ផ្លូវចិត្ត និងបច្ចេកទេសដល់កីឡាករ- កីឡាការិនី ទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិ សម្រាប់ប្រកួត នាពេលនេះ ក៏ដូចជាការប្រមែប្រមូលធនធាន អត្តពលិកមាន សក្តានុពល ចូលរួមប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ក៏ដូច ជាការត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ដែលប្រទេសកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ ។
លោកអគ្គនាយករងបានបញ្ជាក់ថា សព្វថ្ងៃនេះវិស័យកីឡាវូស៊ូមានការអភិវឌ្ឍន៍ និងរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្នែក បរិមាណ និងគុណភាព ទាំងក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដែលទទួលបាន លទ្ធផលជាផ្លែផ្កាល្អប្រសើរ គួរជាទីមោទកភាព។ ការប្រកួតកីឡាវូស៊ូនៅថ្ងៃនេះ ជាការបញ្ជាក់នូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ បច្ចេកទេស និងទេពកោសល្យរបស់កីឡាករ-កីឡាការិនី ដែលបានធ្វើការ ហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំ កន្លងមក មកបញ្ចេញនូវសមត្ថភាពរបស់ខ្លួន ក្នុងការប្រកួតនាពេលនេះ ៕