បរទេស៖ CNN Indonesia បានរំលេចនូវឱកាសដ៏អស្ចារ្យរបស់ក្រុមវៀតណាមក្នុងការឈ្នះពាន ASEAN Cup ឆ្នាំ 2024 ដោយកត់សម្គាល់ថា ពួកគេគឺជាក្រុមតែមួយគត់ដែលដាក់កីឡាករល្អបំផុតរបស់ពួកគេនៅក្នុងការប្រកួត។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការពិនិត្យឡើងវិញ របស់ខ្លួននៅមុនការប្រកួតជើងទីមួយ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងសិង្ហបុរី និងវៀតណាម នៅកីឡដ្ឋាន Jalan Besar របស់សិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ CNN Indonesia បានហៅវាថាជា “ការភ្ញាក់ផ្អើលដ៏មានសក្តានុពល” ។
សារព័ត៌មាននេះបានបញ្ជាក់ថា៖ « Jalan Besar គឺជាទីលានស្មៅសិប្បនិម្មិត ដែលអាចនឹងបង្កជាបញ្ហាប្រឈមសម្រាប់ប្រទេសវៀតណាម។ “លើសពីនេះ សិង្ហបុរីមិនគួរមើលស្រាលឡើយ ខណៈដែលពួកគេបាននាំមុខថៃ 2-0 មុនពេលលទ្ធផលចុងក្រោយចាញ់ 2-4។ ក្រុមរបស់គ្រូបង្វឹក Tsutomu Ogura បានបង្ហាញភាពប្រសើរឡើងជាលំដាប់ រួមទាំងស្មើ 0-0 ជាមួយម៉ាឡេស៊ីក្នុងការប្រកួតចុងក្រោយក្នុងពូល A របស់ពួកគេ”។
វៀតណាមជាធម្មតាលេងនៅលើទីលានស្មៅធម្មជាតិដែលក្រាស់ និងរអិលជាងនៅលើស្មៅសិប្បនិម្មិត។ ក្រុមនេះបានជួបការលំបាកនៅលើទីលានស្មៅសិប្បនិម្មិតនៅឯកីឡដ្ឋាន Rizal Memorial របស់ហ្វីលីពីន ក្នុងវគ្គចែកពូល ដោយគ្រប់គ្រងបានត្រឹមតែស្មើ 1-1 ជាមួយហ្វីលីពីន។
ទោះបីជាមានការសរសើរពីវឌ្ឍនភាពរបស់ប្រទេសសិង្ហបុរីក៏ដោយ ក៏ CNN Indonesia បានសរសើរវៀតណាមកាន់តែខ្លាំងផងដែរ។
CNN Indonesia បានបន្ថែមថា “វៀតណាមមានឱកាសច្រើនបំផុតក្នុងការឈ្នះពាន ASEAN Cup ឆ្នាំ 2024 ពីព្រោះពួកគេជាក្រុមតែមួយគត់ដែលប្រើក្រុមល្អបំផុត មិនដូចក្រុមផ្សេងទៀតដែលលាយកីឡាករដែលមានបទពិសោធន៍ និងវ័យក្មេង”។
នៅក្នុងអត្ថបទមួយទៀត CNN Indonesia បានវាយតម្លៃថា វៀតណាម និងថៃ នៅតែជាគូប្រជែងកំពូលសម្រាប់ជើងឯក ដោយព្យាករណ៍ថា ពួកគេនឹងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ។ ក្រុមទាំងពីរធ្លាប់ប៉ះគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ ASEAN Cup ម្ដងរួចមកហើយ ដោយវៀតណាមឈ្នះនៅឆ្នាំ២០០៨ ប៉ុន្តែចាញ់ថៃនៅឆ្នាំ២០២២៕
ប្រែសម្រួលៈ ណៃ តុលា