កីឡា

ដៃគូដ៏ធំរបស់សហព័ន្ធកីឡាហាប់គីដូកម្ពុជា ប្តេជ្ញានៅបន្តគាំទ្រដើម្បីរួមចំណែកអភិវឌ្ឍន៍កីឡាហាប់គីដូឲ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតាដែលជាដៃគូធំរបស់សហព័ន្ធកីឡាហាប់គីដូកម្ពុជាបានបង្ហាញពីការប្តេជ្ញាខ្ពស់ថា ក្រុមហ៊ុនរបស់លោកនឹងបន្តការគាំទ្រ និង រួមចំណែកក្នុងការអភិវឌ្ឍជំនាញកីឡារបស់កម្ពុជាមួយនេះឲ្យកាន់តែរីកចម្រើនទូទាំងប្រទេសកម្ពុជា និងលើកឆាតអន្តរជាតិ។

លោក មឿន សម្បត្តិ បានបន្តថា ក្នុងនាមតំណាងក្រុមហ៊ុនលោកពិតជាមានក្តីរីករាយ ដែលបានចូលរួមឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍កីឡាហាប់គីដូប្រចាំឆ្នាំនេះ ដើម្បីផលិតធនធានកីឡាករ កីឡាការិនីឱ្យកាន់តែមានគុណភាព សម្រាប់ជាតិ និងត្រៀមចូលរួមប្រកួតអន្តរជាតិនានា នាពេលបន្តបន្ទាប់ទៀត។ ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា តែងតែចូលរួមឧបត្ថម្ភគាំទ្រគ្រប់សកម្មភាពកីឡាហាប់គីដូកម្ពុជា ក្នុងនោះមានដូចជាការប្រកួតជើងឯកថ្នាក់ជាតិ លើកទី១ កាលពីឆ្នាំ២០២៣ កន្លងទៅ និងការប្រកួតជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ ក៏ដូចជាឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនីជម្រើសជាតិ ដែលបានចេញទៅប្រកួតកីឡាហាប់គីដូ ជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសថៃ ដោយដណ្តើមបានសមិទ្ធផលធំធេងជូនជាតិ ដោយឈ្នះមេដាយសរុប ៤០គ្រឿង។ ទាំងនេះ គឺជាមោទនភាពជាតិ ដែលជំរុញឱ្យវិស័យកីឡាហាប់គីដូកម្ពុជា កាន់តែមានភាពរីកចម្រើនតទៅមុខទៀត។

លោក មឿន សម្បត្តិ បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន រាល់សកម្មភាពកីឡាហាប់គីដូ យើងតែងតែចូលរួមឧបត្ថម្ភគាំទ្រ និងជួយផ្សព្វផ្សាយនៅតាមរាជធានីខេត្តនានាផងដែរ។ តាមពិតទៅ ក្រុមហ៊ុនផ្តោតសំខាន់លើការដឹកជញ្ជូនអ្នកដំណើរ ប៉ុន្តែក្រុមហ៊ុន ឡារីតា តែងតែចូលរួមជំរុញគាំទ្រដល់ដំណើការអភិវឌ្ឍជំនាញកីឡាមួយនេះរបស់កម្ពុជា ក្នុងគោលដៅលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីហាប់គីដូហ្វឹកហាត់ និងការប្រកួតនានា ពង្រឹងសមត្ថភាព និងរួមគ្នាគាំទ្រឱ្យមានភាពជោគជ័យដល់ប្រទេសជាតិរបស់យើង។

យ៉ាងណា អ្នកគ្រប់គ្រងរូបនេះប្តេជ្ញាចិត្តខ្ពស់ថា នឹងបន្តជួយជ្រោមជ្រែងឱ្យអស់ពីលទ្ធភាព ហើយក្នុងនាមជាក្រុមហ៊ុន ក៏សូមឱ្យអតិថិជនរបស់យើងទាំងអស់គ្នាសូមបន្តគាំទ្រសេវាដឹកជញ្ជូនអ្នកដំណើរ ដើម្បីឱ្យក្រុមហ៊ុន ឡារីតា បន្តជួយគាំទ្រដល់សកម្មភាពកីឡានេះ ពីព្រោះថា ប្រភពចំណូលនេះពីអតិថិជន គឺបានមកពីការបំពេញសេវាកម្មជូនអតិថិជន ដែលចំណូលបានមកពីអតិថិជន គឺយើងយកមកជួយគាំទ្រដល់វិស័យកីឡាហាប់គីដូ។

លោក មឿន សម្បត្តិ ក៏បានបង្ហាញពីការពង្រីកសេវាកម្មថ្មីដឹកអ្នកដំណើររបស់ខ្លួន ពីភ្នំពេញទៅបាត់ដំបង និងពីខេត្តបាត់ដំបងមកភ្នំពេញ ដោយមានការបញ្ចុះតម្លៃ ដែលនឹងបើកដំណើរការ នៅដើមឆ្នាំ២០២៥ខាងមុខ។ បន្ថែមពីលើនេះ ក្នុងនាមតំណាងក្រុមហ៊ុន លោកក៏បានស្នើសុំឱ្យបណ្តាក្រុមហ៊ុនផ្សេងៗទៀតចូលរួមឧបត្ថម្ភគាំទ្រដល់វិស័យកីឡាហាប់គីដូឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសជួយជំរុញឱ្យវិស័យកីឡាហាប់គីដូកម្ពុជាមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិផងដែរ។

ការប្រកួតកីឡាហាប់គីដូ ជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងមេដាយចំនួន ៨៧នាក់ ក្នុងនោះមានកីឡាករ កីឡាការិនី ៦៧នាក់ (កីឡាការិនី ២៧នាក់) ក្រោមការរៀបចំ និងចំណាយថវិកាផ្ទាល់ខ្លួនរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍មួយចំនួន ដោយក្រុមហ៊ុន ឡារីតា ជាម្ចាស់ឧបត្ថម្ភធំ៕

ដោយ៖ លី ភីលីព

Most Popular

To Top