ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាត្រូវតែងតាំងជាប្រធាន ខេមរសហព័ន្ធកីឡាតេក្វាន់ដូ អាណត្តិទី៧ ឆ្នាំ២០២៤-២០២៨ បន្ទាប់ពីសមាជិកចាស់ និងក្លិបកីឡាតេក្វាន់ដូ WT បានសម្រេចចិត្តបោះឆ្នោតលោកឧបនាយករដ្ឋមន្ត្រីក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០២០-២០២៤ និង បន្តអាណត្តិទី៧ ឆ្នាំ២០២៤-២០២៨នាថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
ក្នុងឱកាសមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិទី៧ ឆ្នាំ២០២៤-២០២៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងអ្នកតំណាងក្លិបកីឡាតេក្វាន់ដូ WT ជាច្រើន។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមាន បណ្តាក្លិបកីឡាតេក្វាន់ដូWT ទូទាំងរាជធានី-ខេត្ត បានអញ្ជើញចូលរួមក្នុងពិធីមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិទី៧ ឆ្នាំ២០២៤-២០២៨ នាពេលនេះ។
ដោយអង្គមហាសន្និបាតបោះឆ្នោតគាំទ្រឲ្យរូបខ្ញុំបន្តធ្វើជាប្រធានខេមរសហព័ន្ធតេក្វាន់ដូសម្រាប់អាណត្តិទី៧នេះ ខ្ញុំស្នើសុំឲ្យសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ធ្វើការរួមគា្ន និងដាក់ទិសដៅ រៀបចំផែនការអភិវឌ្ឍប្រភេទកីឡាតេក្វាន់ដូWT ឲ្យបានទូលំទូលាយ ដើម្បី ត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ឲ្យទទួលបានជោគជ័យ និងការត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ខាងមុខ រួមទាំងការប្រកួតជា លក្ខណៈអន្តរជាតិនានាឲ្យទទួលបានជោគជ័យផងដែរ។
សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៤-២០២៨រួមមានលោ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធាន លោកស្រី គឹម សេដ្ឋានី អនុប្រធាន លោក ម៉ៅ ស្រេង អនុប្រធាន លោក យិត ភីរៈ អនុប្រធាន ជនជាតិកូរ៉េខាងត្បូង អនុប្រធាន លោក
បណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ លោក គង់ សក្ខិដា អគ្គលេខាធិការរង លោក ជាតិ ខេមរា អគ្គហេរញ្ញឹក កញ្ញា ផល ច័ន្ទសូផាត សមាជិក លោកស្រី ស៊ន សៀវម៉ី សមាជិក លោក ម៉ៅ សុផល សមាជិក លោក យីវ វណ្ណឌី សមជិក
លោក វង្ស ភគិនី សមាជិក គីម ប៊ុនថង សមាជិក និងកញ្ញា ហែម សុធីរា សមាជិក៕