កីឡា

លោក ម៉ៅ ស្រេង ៖ វគ្គនេះជួយ ឲ្យសិក្ខាកាមទាំងអស់ បានក្រេបយកចំណេះដឹងថ្មីៗ និងទទួលបាន នូវបទពិសោធន៍ ជាច្រើនទៀត ក្នុងការត្រៀមខ្លួន បន្តវេននៅជំនាន់ក្រោយៗ

ភ្នំពេញ ៖ លោក ម៉ៅ ស្រេង អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរ សហព័ន្ធតេក្វាន់ដូ បានកអញ្ជើញចូល រួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់ជាតិ កម្រិតមូលដ្ឋាន ប្រចាំឆ្នាំ២០២៤ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡាដែលមានរយៈពេល ៤ ថ្ងៃ ។

លោកបណ្ឌិត ជ្រិន សុធា ទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតី និងជាអគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូ បាននិយាយថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់ជាតិ កម្រិតមូលដ្ឋាន ប្រចាំឆ្នាំ២០២៤ ព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលហ្វឹកហាត់កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ មានសិក្ខាកាមមកពីបណ្តាក្លិបកីឡាតេក្វាន់ដូ WT រាជធានី-ខេត្តសរុបចំនួន ៤៨ នាក់ ក្នុងនោះស្រី១៦នាក់មកពី ៧ រាជធានី-ខេត្តរួមមានភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្ត បន្ទាយមានជ័យ ។

លោក ម៉ៅ ស្រេង បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ អាចដំណើរការទៅបាន ដោយសារមានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកា គ្រាំទ្រជួយពន្លឿនដល់ការអភិវឌ្ឍន៍ របស់ខេមរសហព័ន្ធតេក្វាន់ដូ ប្រចាំឆ្នាំ២០២៤ បានទាន់ពេលវេលា ដោយផ្តល់ឱកាសដល់សិក្ខាកាមទាំងអស់ បានក្រេបយកចំណេះដឹងថ្មីៗ និងទទួលបាននូវ បទពិសោធន៍ជាច្រើនទៀត ក្នុងការត្រៀមខ្លួន បន្តវេន​នៅជំនាន់ក្រោយៗ ហើយក៏ជាក្តីសង្ឃឹម សម្រាប់ខេមរសហព័ន្ធតេក្វាន់ដូ​ក្នុងការ​ផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូ WT ឲ្យបានទូលំទូលាយ នាពេលអនាគត។

លោកអនុប្រធានបានបញ្ជាក់ថា តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ​ សូមថ្លែង អំណរគុណយ៉ាងជ្រាល ជ្រៅដល់គណៈកម្មាធិការ​ ប្រតិបត្តិសហព័ន្ធ ដែលបានរៀបចំ វគ្គបណ្តុះបណ្តាល ដោយរក្សាបាននូវសុវត្ថិភាព-សុខភាព ដល់សិក្ខាកាមទាំងអស់ និងសូមថ្លែងអំណរគុណដល់ លោកគ្រូឧទ្ទេស ជំនួយការ និង អ្នកសម្របសម្រួល សម្រាប់ការបណ្តុះបណ្តាល វគ្គរយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅបានរលូន ។

ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណ ដល់ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ នូវថវិកាគាំទ្រ ក្នុងការជួយពន្លឿន សកម្មភាពរបស់ខេមរសហព័ន្ធតេក្វាន់ដូ ។ សូមកោតសរសើរ និងអរគុណ ដល់ការខិតខំបឹ្រងប្រែង របស់សមាជិក គណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ក្នុងការបណ្តុះបណ្តាលធនធានកីឡាតេក្វាន់ដូ WT សម្រាប់បន្តវេនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូ WT កម្ពុជា ឲ្យបានទូលំទូលាយ ទៅដល់សាធារណជនទូទៅ គ្រប់ស្រទាប់វណ្ណៈ និង ទូទាំងរាជធានី-ខេត្ត តាមប្រសាសន៍ ដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ប្រធានខេមរសហព័ន្ធតេក្វាន់ដូ នាពេលអនាគត ៕

Most Popular

To Top