ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ កីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WT ទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹក ហាត់ក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា ជាពិសេស ចំពោះកីឡា តេក្វាន់ដូនេះ ផ្ទាល់ និងបានលើកឡើង ពីកំណែទម្រង់វិស័យកីឡា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ។
លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា តាំងពីចាប់ផ្ដើមពីការកែលម្អបរិស្ថាន ធានាបាននូវសន្តិសុខ និងសុវត្ថិភាពសម្រាប់ អ្នកហាត់កីឡា ក៏ដូចជារៀបចំឲ្យមានការប្រកួតកម្រិតអន្តរជាតិ ដូចជា ការប្រកួតកីឡា SEA GAME លើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្រព្រឹត្តបានរលូនល្អ ចូលរួមចំណែកលើកស្ទួយសាធារណជនឲ្យស្រឡាញ់វិស័យកីឡា ជាពិសេសបន្តជំរុញចលនា”យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” របស់រាជរដ្ឋាភិបាល ។
សម្រាប់កីឡាតេក្វាន់ដូនេះផ្ទាល់ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកកាលពីឆ្នាំ២០២៣ កម្ពុជាបានធ្វើជាម្ចាស់ ផ្ទះនៃការប្រកួតកីឡា SEA GAME លើកទី៣២ ដែលកម្ពុជាទទួលបានមេដាយសរុបចំនួន ២៨៤ គ្រឿង ឈរលំដាប់លេខរៀងទី៤ ក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១១ ក្នុងអំឡុងពេលនោះដែរ វីរកីឡាការិនី តេក្វាន់ដូ ស៊ន សៀវម៉ី ដណ្ដើម បានមេដាយមាស ជូនជាតិនៃព្រឹត្តិការណ៍កីឡា SEA GAME លើកទី៣២ ធ្វើឲ្យមហាសន្និបាត នាពេលនេះ កាន់តែមានអត្ថន័យ និងឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តរបស់អត្តពលិកកម្ពុជា គ្រូបង្វឹក និងការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។
សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធ តេក្វាន់ដូ លោក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកពាក់ព័ន្ធ នៃខេមរសហព័ន្ធតេក្វាន់ដូសម្រេច បានសមិទ្ធផលនាពេលកន្លងមកនេះ និងលើកទឹកចិត្តដល់គ្រូបង្វឹកកីឡាករ-កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែង ប្រកាន់ខ្ជាប់នូវវិន័យក្នុងការហ្វឹកហាត់ឲ្យបានល្អ ដើម្បីត្រៀមខ្លួន សម្រាប់ការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ និងជាពិសេសត្រៀមឆ្ពោះទៅការប្រកួតកីឡា យុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នា ឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ៕