កីឡា

លោក គង់ ចាន់ធីណា ៖ ក្រុមហ៊ុនឯកជន ជាដៃគូមិនអាចខ្វះបាន របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ក្នុងការរៀបចំប្រកួត ជើងឯកថ្នាក់ជាតិ

ភ្នំពេញ ៖ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហាប់គីដូបានលើកឡើងថា ការជួយឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុនឯកជន ក្នុងការរៀបចំការប្រកួត កីឡាហាប់គីដូជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៤ គឺជាការជួយសម្រួលបន្ទុកមួយដ៏ធ្ងន់ របស់សហព័ន្ធ និងជាដៃគូមិនអាចខ្វះបានឡើយសម្រាប់សហព័ន្ធរបស់លោក ។

នេះជាការលើកឡើង របស់លោកអគ្គលេខាធិការក្នុងឱកាសនាំយកលិខិតថ្លែងអំណរគុណ ទៅប្រគល់ជូនដល់ដល់ក្រុមហ៊ុន ISI កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដែលតំណាងដោយលោក ឡាំ គុយ អ្នកសម្របសម្រួលគម្រោង អង្គការមូលនិធិ ខេ អឹម អេច នៃក្រុមហ៊ុន ISI ។

លោក គង់ ចាន់ធីណា បានបញ្ជាក់ថា លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូបានអនុញ្ញាតឲ្យក្រុមការងារសហព័ន្ធយកលិខិតថ្លែងអំណរគុណជូនដល់ក្រុមហ៊ុន ISI ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលបានរៀបចំឡើងប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី២១-២២ ខែធ្នូ កន្លងទៅថ្មីៗនេះ។ ក្នុងឱកាសសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណនេះ លោក ឡាំ គុយ អ្នកសម្របសម្រួលគម្រោង អង្គការមូលនិធិ ខេ អឹម អេច បានបង្ហាញក្តីសប្បាយរីករាយ បានចូលរួមឧបត្ថម្ភគាំទ្រដល់ការប្រកួតជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ ដើម្បីលើកស្ទួយវិស័យកីឡាហាប់គីដូនៅកម្ពុជាឲ្យមានដំណើរការអភិវឌ្ឍបន្តទៀត។
ក្នុងនាមសហព័ន្ធខ្មែរកីឡាហាប់គីដូ យើងខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនផ្តល់ការគាំទ្រ ក្នុងឆ្នាំទី១ របស់ក្រុមហ៊ុនដៃគូអភិវឌ្ឍន៍មួយនេះ ដោយនេះគឺជាទឹកចិត្ដដ៏ថ្លៃថ្លា ក្នុងការលើកកម្ពស់វិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជាយើង ។

លោកអគ្គលេខាធិការបានបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុន ISI នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់វិស័យកីឡាហាប់គីដូ ដោយក្រុមហ៊ុនបានឧបត្ថម្ភជាថវិកា ដែលជាចំណែកអភិវឌ្ឍន៍មួយដ៏ធំដែរ ក្នុងចំណោមដៃគូឧបត្ថម្ភមួយចំនួនទៀត ដូចជា ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា ជាដើម បូកផ្សំនឹងថវិការៃអង្គាសពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាហាប់គីដូ ក្នុងឆន្ទៈដ៏មោះមុត ដើម្បីរៀបចំព្រឹត្តិការណ៍ ជើងឯកថ្នាក់ជាតិ លើកទី២ឲ្យចេញជារូបរាងឡើង ក្នុងគោលដៅបន្តដំណើរការផលិតធនធានកីឡាករ-កីឡាការិនី ជាពិសេសធនធានវ័យក្មេងៗ ឱ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពត្រៀមឆ្ពោះទៅចូលរួមការប្រកួតអន្តរជាតិនាឆ្នាំក្រោយៗទៀត។ជារួម ក្នុងនាមសហព័ន្ធ លោកចាត់ទុកថា ក្រុមហ៊ុន ISI បានជួយសម្រួលបន្ទុកមួយដ៏ធ្ងន់របស់សហព័ន្ធខ្មែរ ក្នុងការប្រកួតកីឡាហាប់គីដូ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ។

ការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ កាលពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៤ មានក្លឹបចូលរួមចំនួន៥ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន ៨៧នាក់ ក្នុងនោះកីឡាករ កីឡាការិនី ៦៧នាក់ (ស្រី ២៧នាក់)ប្រកួតលើ ២៥វិញ្ញាសា។ ចំពោះលទ្ធផលជ័យលាភី រួមមាន៖ ចំណាត់ថ្នាក់លេខ១ ក្លឹបក្រសួងមហាផ្ទៃ មេដាយសរុប ២៦គ្រឿង ក្នុងនោះមេដាយមាស ១២ ប្រាក់៧ និងសំរឹទ្ធ៧, ចំណាត់ថ្នាក់លេខ២ ក្លឹបធីណា មេដាយសរុប ២២គ្រឿង មានមាស ៥ ប្រាក់៩ និងសំរឹទ្ធ៨, លេខ៣ ក្លឹបអូឡាំពិក មេដាយសរុប១៨ មានមាស៤ ប្រាក់៣ និងសំរឹទ្ធ១១, លេខ៤ ក្លឹបម៉ាស្ទ័រសេង មេដាយសរុប១៦គ្រឿង មានមាស ៣ ប្រាក់២ និងសំរឹទ្ធ១១ ខណៈលេខ៥ ក្លឹបឥន្ទ្រីយ៍ មេដាយសរុប១០ មានមាស១ ប្រាក់៤ និងសំរឹទ្ធ៥គ្រឿង៕

Most Popular

To Top