កីឡា

ថ្លៃសំបុត្រ យន្តហោះ វៀតណាម-ថៃ ឡើងតម្លៃទ្វេដង មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ASEAN Cup  ២០២៤

VN Express

វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ថ្លៃសំបុត្រយន្តហោះពីហាណូយ ទៅបាងកកបានកើនឡើងពី ៥០ ទៅ ១០០ភាគរយ បើធៀបនឹងអត្រាធម្មតា ខណៈក្រុមបាល់ទាត់ជម្រើសជាតិថៃ ត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម ក្នុងវគ្គផ្តាច់ព្រ័ត្រ ASEAN Cup នៅសប្តាហ៍នេះ ។

កាលពីថ្ងៃអង្គារ ក្រុមហ៊ុនអាកាសចរណ៍ Vietravel បានលក់សំបុត្រធ្វើដំណើរ ទៅមករវាងទីក្រុងទាំង ២ ក្នុងតម្លៃជិត ១២ លានដុងស្មើនឹង ៤៧០ ដុល្លារអាមេរិកជាតម្លែទ្វេដង នៃថ្ងៃធម្មតា ។ សំបុត្រសម្រាប់ជើងហោះហើរថ្ងៃសៅរ៍ បានលក់អស់ហើយ។  វៀតណាមនឹងប៉ះថៃក្នុងជើងទី១ វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃព្រហស្បតិ៍ និងជើងទី ២ នៅថ្ងៃអាទិត្យ។

ក្រុមហ៊ុនអាកាសចរណ៍ថវិកា Vietjet លក់សំបុត្រទៅមកដោយ ចាប់ផ្តើមពី ៦.៥ លានដុង កើនឡើង ៦០ ភាគរយចាប់ពីថ្ងៃអាទិត្យ។ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ផ្តល់ជូនសំបុត្រធ្វើដំណើរទៅមកក្នុងតម្លៃ ១៥ លានដុង ។

ក្រុមហ៊ុនអាកាសចរណ៍ដែលគ្រប់គ្រង ដោយរដ្ឋគ្រោងនឹងប្រើប្រាស់យន្តហោះមានតួខ្លួន ធំទូលាយ ដូចជាយន្តហោះ Boeing 787 ឬ Airbus A350 ជំនួសឲ្យយន្តហោះ ដែលមានតួតូចចង្អៀតធម្មតា ដើម្បីផ្គត់ផ្គង់ដល់អ្នកគាំទ្របាល់ទាត់វៀតណាម ដែលធ្វើដំណើរទៅប្រទេសថៃដើម្បីទស្សនាការប្រកួត។

យន្តហោះដែលមានតួខ្លួនទូលាយអាច ដឹកអ្នកដំណើរបានជាង ៣០០ នាក់ លើសពី ១០០ ទៅ ១២០ នាក់។ ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនអាកាសចរណ៍បរទេស មិនបានធ្វើការផ្លាស់ប្តូរដ៏ធំចំពោះតម្លៃរបស់ពួកគេសម្រាប់ផ្លូវហោះហើរហាណូយ-បាងកកនោះទេ។

ក្រុមហ៊ុន Air Asia ផ្តល់ជូនសំបុត្រធ្វើដំណើរទៅមកក្នុងតម្លៃប្រហែល ៤.៣ លានដុងសម្រាប់ជើងហោះហើរដែលចេញដំណើរនៅល្ងាចថ្ងៃសៅរ៍ ហើយត្រលប់មកវិញពីរថ្ងៃក្រោយ។  សម្រាប់ជើងហោះហើរ HCMC-Bangkok តម្លៃជើងហោះហើរទៅមក ប្រែប្រួលតាមក្រុមហ៊ុនអាកាសចរណ៍ ដោយ Bamboo Airways គិតថ្លៃប្រហែល ៥ លានដុង Vietjet តម្លៃ៦លានដុង ក្រុមហ៊ុន Vietravel Airlines តម្លៃ១២ លានដុង និង Vietnam Airlines តម្លៃ១៤ លានដុង។

ប្រតិបត្តិករទេសចរណ៍មួយ ចំនួនកំពុងកក់សំបុត្រ សម្រាប់ដំណើរទេសចរណ៍ រួមបញ្ចូលទាំងអស់ពីប្រទេសវៀតណាមទៅប្រទេសថៃសម្រាប់ការប្រកួតថ្ងៃអាទិត្យ។ ក្រុមហ៊ុនជាច្រើនក៏កំពុង ផ្តល់ជូនការធ្វើដំណើរជាកាដូចុងឆ្នាំសម្រាប់អតិថិជន ឬបុគ្គលិកផងដែរ៕

Most Popular

To Top