កីឡា

លោក ឡោក ឆាយ អញ្ជើញចូលរួម ពិធីបើកការប្រកួតបាល់ទាត់ មិត្តភាពអបអរសាទរខួប លើកទី៤៦ ទិវាជ័យជម្នះ៧មករា និងខួប១៥ឆ្នាំ នៃការបង្កើតក្លិប កីឡាបាល់ទាត់ កម្ពុជា-អាស៊ាន

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួត បាល់ទាត់មិត្តភាព អបអរសាទរ ខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា និងខួប១៥ឆ្នាំ នៃការបង្កើតក្លិបកីឡា បាល់ទាត់កម្ពុជា-អាស៊ាន នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញ ចូលរួមពិធី បើកជាផ្លូវការ ពីសំណាក់លោក ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា និងជាប្រធានកិត្តយសក្លិប កីឡាបាល់ទាត់កម្ពុជា-អាស៊ាន និងលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន នៅវិទ្យាល័យបឹងកេងកង ។

លោក អ៊ុក សំណាង ប្រធានគណៈកម្មការរៀបចំ ការប្រកួត បានប្រាប់ឲ្យដឹងថា ការប្រកួតបាល់ទាត់មិត្តភាព ពានរង្វាន់វ័យចំណាស់កម្ពុជានេះបានចាប់បដិសន្ធិឡើងនៅឆ្នាំ២០១៥ ដោយមានការចង្អុរបង្ហាញពីលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា អនុប្រធាន អង្គភាពប្រឆាំង អំពើពុករលួយ និងជាស្ថាបនិកក្លឹប កីឡាបាល់ទាត់កម្ពុជា-អាស៊ាន ។

លោកបានបន្តថា ការប្រកួតនជក្នុងគោលបំណង ចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ក៏ដូចជាកៀងគរនូវមន្ត្រីរាជការ និងបងៗពូដែលមានវ័យ ចំណាស់នៅគ្រប់វិស័យ ឲ្យចូលរួមលេងកីឡាជាគំរូដ៏ល្អ ដល់យុវជន ឲ្យចូលរួមក្នុងគ្រប់ទម្រង់ កីឡាជាផ្នែកមួយ អាចជួយដល់យុវជនគ្រប់មជ្ឈដ្ឋាន ចេញឆ្ងាយពីអំពើឧបាយមុខ ផ្សេងៗបាន និងពង្រឹងសុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រយ៉ាងមុតមាំ ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡា និងអាចពង្រឹងនូវចំណងសាមគ្គីភាព រវាងក្រុមកីឡាករវ័យចំណាស់ នៃស្ថាប័ននានា ក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យមានទំនាក់ទំនងកាន់តែប្រសើរនឹងគ្នាឡើងទ្វេរដង ព្រោះកីឡា ជាប្រភពយ៉ាងពិតប្រាកដ នាំមកនូវ “សុខភាព មិត្តភាព សាមគ្គីភាព និងសន្តិភាព” . ។

លោក អ៊ុក សំណាង បានបញ្ជាក់ថា ដោយមានភ័ព្វ សំណាងទទួល បានការគាំទ្រពីលោក ឡោក ឆាយ អគ្គលេខាធិការរង ព្រឹទ្ធសភា គណៈកម្មការ មានឪកាសរៀបចំជាកម្មវិធីប្រកួតមិត្តភាព ពានរង្វាន់វ័យចំណាស់ កម្ពុជាឡើងវិញ ជាលើកទី៣ និងរៀបចំជាពិសេស ដើម្បី ចូលរួមអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ព្រោះថាយើងទាំងអស់គ្នា មានឪកាសជួបជុំគ្នាលេងកីឡា បាល់ទាត់ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្មណ៍ភ័យព្រួយដូចសព្វថ្ងៃនេះ គឺបានមក ពី បុព្វហេតុចម្បងនៃថ្ងៃ៧មករា មានន័យថា មានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ ដូចសព្វថ្ងៃនេះ …ជយោ! ទិវាជ័យជម្នះ ៧មករា ! អរគុណសន្តិភាព !

សម្រាប់ការប្រកួតខាងលើនេះមានក្លិបចំនួន ៦ គឺក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ក្លិបកីឡាបាល់ទាត់គ្រុឌមាស ខេត្តសៀមរាប ក្លិបកីឡាបាល់ទាត់មហាជន ខេត្តបន្ទាយមានជ័យ ក្លិបកីឡាបាល់ទាត់ អគ្គស្នងការនគរបាលជាតិ ក្លិបកីឡាបាល់ទាត់មិត្តល្អ និងក្លិបកីឡាបាល់ទាត់ អេស ស៊ី អេស ។

លោក ឡោក ឆាយ បានមានប្រសាសន៍ថា ក្នុងនាមខ្លួនលោកផ្ទាល់ សូមវាយតម្លៃខ្ពស់ ចំពោះការបង្កើត ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ដោយក្រោមការផ្តួចផ្តើម និងគាំទ្រ ដោយលោក ស៊ាន បូរ៉ាត និងសូមកោត សរសើរចំពោះកីឡាករទំាងអស់ ចូលរួមក្នុងក្លិបបាល់ទាត់នេះ ។ ការបង្កើតមានគោលទិសពង្រឹង មិត្តភាពក៏ដូចជា លើកកម្ពស់ នូវសុខភាព ផងដែរ ហើយតាមរយៈការប្រកួតរាល់សប្តាហ៍ របស់ក្លិបកីឡាបាល់ ទាត់កម្ពុជា-អាស៊ាន ពិតជានាំមកនូវសាមគ្គីភាព ដោយសារការប្រកួតគោរព តាមច្បាប់បាល់ទាត់។ លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺការប្រកួតចុងដោយក្រុមទំាង៦ ត្រូវជ្រើសរើសកីឡាករមានអាយុ ៤៦ ឆ្នាំចូលរួមទំាងអស់គ្នា៕

Most Popular

To Top