កីឡា

លោក គួច ចំរើន អញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាបាល់ទាត់ និងប៉េតង់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករាខេត្តកណ្តាល

ខេត្តកណ្តាល៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាកិតិ្តយសក្នុងពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៥ នៅទីលានកីឡដ្ឋានខេត្ត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក គួច ចំរើន អភិបាល បានមានប្រសាសន៍ថា ខ្ញុំសុំសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយជាមួយកីឡាករទាំងអស់ក្នុងកម្មវិធីប្រកួតនេះ ជាឱកាសដ៏វិសេសវិសាលជាប្រវត្តិសាស្រ្ត នៃជីវិតរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ព្រោះថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបានអស់មួយជីវិត ហើយក៏ជាប្រវត្តិសាស្រ្តដ៏ជូរចត់ ឈឺចាប់ខ្លោចផ្សា។ មហាវិនាសកម្មនេះ សូមប្អូនៗ ក្មួយៗ កូនចៅ ជំនាន់ក្រោយ ត្រូវតែចង់ចាំ ដើម្បីផ្សព្វផ្សាយបន្ត ដល់មនុស្សជំនាន់ក្រោយទៀត សំដៅធ្វើឱ្យថ្ងៃ ៧ មករា ស្ថិតនៅជាអមតៈក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់ៗជំនាន់ ។

លោកអភិបាលខេត្ត បានថ្លែងនូវការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល និងគណៈកម្មការរៀបចំការប្រកួតដែលបានខិតខំរៀបចំការប្រកួតនេះប្រព្រឹត្តទៅដោយរលូន តាមរយៈការរៀបចំឲ្យមានការប្រកួតនេះហើយដែលធ្វើឲ្យវិស័យកីឡាក្នុងខេត្តកណ្ដាលមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

លោកក៏បានផ្តាំផ្ញើរដល់ក្រុមកីឡាករ កីឡាការិនីទាំងអស់ ត្រូវបង្កើនសមត្ថភាព ខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លាថែមទៀត ព្រោះថាការប្រកួតកីឡាគឺមានឈ្នះមានចាញ់វារឿងធម្មតា អ្វីដែលសំខាន់នោះត្រូវពង្រឹងវិន័យ រក្សាសាមគ្គីភាពក្នុងក្រុមអោយបានរឹងមាំ ខិតខំអភិវឌ្ឍសមត្ថភាពរបស់ក្រុម និងខ្លួនឯងផ្ទាល់ ឲ្យកាន់តែមានភាពរីកចំរើន និងពូកែថែមទៀតដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតនាពេលក្រោយទៀត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើត សន្តិភាពគឺពិបាកណាស់ ពុំនោះសោតរាប់ដំណរមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ ហេតុនេះយើងទាំងអស់គ្នាត្រូវ សាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឲ្យគង់វង្សស្ថិតស្ថេរ។ សរុបសេចក្តីមកស្មារតី៧មករា មានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនខ្មែរក្នុងការបន្តដំណើរទៅមុខទៀត ដើម្បីកសាងប្រទេសកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

លោក ចេង សំអ៊ុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ក្នុងការប្រកួតនេះ កីឡាបាល់ទាត់មាន ១៦ក្រុម ស្មើនឹង៣២០នាក់ ដែលជាក្រុមកីឡាមកពីបណ្តាក្លឹបនានា ក្នុងខេត្តកណ្តាល ប្រកួតនៅទីលានកីឡដ្ឋានខេត្ត។ ចំពោះកីឡាប៉េតង់ មាន៤០ក្រុម ស្មើនឹង១៦០នាក់ ចែកចេញជា ផ្នែកវ័យចាស់ ៣០ក្រុម, ផ្នែកយុវជន ៦ក្រុម និងផ្នែកនារី ៤ក្រុម ក្នុងនោះមានក្រុមកីឡាមកពីរាជធានីភ្នំពេញចំនួន ៣ក្រុម ប្រកួតនៅទីលានប៉េតង់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងទីលានប៉េតង់ វិទ្យាល័យ ហ៊ុន សែន តាខ្មៅ៕

ដោយ៖ លី ភីលីព

Most Popular

To Top