កីឡា

ក្រុមអគ្គនាយកដ្ឋាន​ អន្តោប្រវេសន៍ ដណ្តើមបានមេដាយច្រើនជាងគេ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធ២០២៤ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២៥

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដណ្តើមបានមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា វាយកូនឃ្លីលើតុជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ និង ការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់សហព័ន្ធលើកទី៣ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២៥ នៅសាលដំបូលសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយនាថ្ងៃទី ២ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ ។

ក្នុងឱកាសពិធីបិទជាផ្លូវការនាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លោក វ៉ា វណ្ណៈ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាលោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោក សៀន សុភក្រ្ត នាយករងនៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ នៅនៅសាលដំបូល សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ការប្រកួតប្រព្រឹត្តិមានរយៈពេល ៥ ថ្ងៃ ជាលទ្ធផល ក្រុមកីឡាករ-កីឡាការិនី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដណ្តើមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ ២ គ្រឿង ក្រុមកីឡាករ-កីឡាការិនី ក្រសួងការពារជាតិដណ្តើមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងសំរិទ្ធ ២ គ្រឿង ក្រុមកីឡាករ-កីឡាការិនី ក្រសួងមហាផ្ទៃដណ្តើមេដាយប្រាក់ ២ គ្រឿង និងសំរិទ្ធ ១ គ្រឿង និងក្លិបស្ទឹងមានជ័យដណ្តើមេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ ២គ្រឿង។

លោក ហេង សុខជាតិ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបាននិយាយថា ដោយអនុវត្តតាមផែនការ សកម្មភាពប្រចាំឆ្នាំ របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី៣ ប្រចាំឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ខែមករា ឆ្នាំ២០២៥ ។

ការប្រកួត ចាប់ថ្ងៃទី២ ដល់៦ ខែមករា ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមាន២១ ក្លិប និងសមាគម លើ ៧ វិញ្ញាសា ។វិញ្ញាសាទំាង ៧ រួមមានវិញ្ញាសា ក្រុមបុរស “ក១” វិញ្ញាសាគូបុរស “ក១” វិញ្ញាសាឯកត្តបុរស “ក១ៗ វិញ្ញាសាឯកត្តនារី វិញ្ញាសាក្រុមយុវជន “ក២” អាយុក្រោម១៨ឆ្នាំ វិញ្ញាសាគូយុវជន “ក២” អាយុក្រោម១៨ឆ្នាំ និងវិញ្ញាសាឯកត្តបុរស “ក២ៗ អាយុក្រោម១៨ឆ្នាំ ៕
ដោយ៖លី ភីលីព

Most Popular

To Top