ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គ្រូបង្វឹកជនជាតិកូរ៉ខាងត្បូង លោក Kim Sang-sik អបអរសប្បាយដោយរាំ និងញ័រត្រគាកបែបហ៊ីបហប ក្រោយលោកបានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម យកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិថៃ លទ្ធផល ៥-៣ ទំាង២ ជើងក្នុងវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ASEAN Cup ២០២៤ ។
មុនការប្រកួតជើងទី២ នៅថ្ងៃអាទិត្យ គ្រូបង្វឹកកូរ៉េខាងត្បូងបានសន្យាថា នឹងសម្តែងរបាំហ៊ីបហប ប្រសិនបើវៀតណាមដណ្តើមបានជើងឯក។ ក្បាច់រាំរបស់លោក Kim ត្រូវបានបង្ហាញយ៉ាងល្បីល្បាញ នៅពេលដែលលោកបានដឹកនាំ Jeonbuk Hyundai Motors ឲ្យឈ្នះជើងឯក K-League ក្នុងឆ្នាំ ២០២១ និង Korean FA Cup 2022 ។
បន្ទាប់ពីជ័យជម្នះ ដ៏គួរឲ្យរំភើបរបស់វៀតណាមក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Rajamangala លោក Kim បានឈ្នះពានរង្វាន់ទី៣ ក្នុងអាជីពគ្រូបង្វឹក របស់លោក និងបានបំពេញតាមការសន្យារបស់លោក។ ជុំវិញដោយកីឡាករ និងបុគ្គលិកគ្រូបង្វឹក គ្រូបង្វឹកវ័យ ៤៨ ឆ្នាំរូបនេះបានវិលជុំវិញ ញ័រត្រគាក និងរាំយ៉ាងខ្លី មុនពេលចូលរួមក្រុមក្នុងការអបអរសាទរយ៉ាងរីករាយ ទះដៃ និងអបអរសាទរជាមួយអ្នកគាំទ្រ វៀតណាមនៅលើទីលាន។
លោក Kim ដែលមានចិត្តស្រឡាញ់តន្ត្រីរ៉េប និងការរាំបែបហ៊ីបហប បាននិយាយលេងថា លោកនឹងព្យាយាមរាំដោយប្រុងប្រយ័ត្ន ដើម្បីកុំឲ្យខូចទីលាន។
ក្នុងនាមជាកីឡាករ Kim ជាខ្សែបម្រើដ៏លេចធ្លោមួយរូបដែលបង្ហាញខ្លួនបាន៥៩ប្រកួត និងរកបាន២គ្រាប់ឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ អាជីពជាគ្រូបង្វឹករបស់គាត់បានចាប់ផ្តើមនៅឆ្នាំ ២០២០ ហើយចាប់តាំងពីពេលនោះមកគាត់បានគ្រប់គ្រងក្រុមតែពីរប៉ុណ្ណោះគឺ Jeonbuk Hyundai Motors និងក្រុមជម្រើសជាតិវៀតណាម។
ពេលនេះលោក Kim ជាគ្រូបង្វឹកទី ៣ ដែលបានឈ្នះពានរង្វាន់ ASEAN Cup ជាមួយវៀតណាម បន្ទាប់ពីលោក Henrique Calisto ឆ្នាំ ២០០៨ និងលោក Park Hang-seo ឆ្នាំ ២០១៨ ។ ដូចលោក Park ដែរ លោកសម្រេចបានជោគជ័យនេះក្នុង ASEAN Cup ជាលើកដំបូងរបស់លោកជាមួយក្រុម៕