មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានបង្ហាញអំពីចំណាប់អារម្មណ៍ ក្នុងការទិញយក ក្លឹបបាល់ទាត់ Liverpool ដែលកំពុងប្រកបអាជីព នៅលីកកំពូលអង់គ្លេស Premier League។ នេះបើយោងតាមកិច្ចសន្ទនា នៅក្នុងកម្មវិធីវិទ្យុមួយ ដែល លោក Errol Musk ត្រូវជាឪពុក លោក Elon Musk បានអះអាងថា កូនប្រុសរបស់លោក ចាប់អារម្មណ៍ ក្រុមហង្សក្រហម ។
នៅពេលត្រូវបានសម្ភាសន៍ ក្នុងកម្មវិធី Times Radio ឪពុក Elon Musk លោក Errol Musk បាននិយាយថា “ជាការពិត Elon Musk ចាប់អារម្មណ៍ ក្នុងការដេញថ្លៃ ទិញយកក្លឹប Liverpool។” លោក បន្តថា “ប្រាកដណាស់ថា បើមានឱកាស អ្នកណាក៏ចង់ទិញយកក្លឹប ហង្សក្រហម ដែរ មិនថាទេគេ ឫ ក៏រូបខ្ញុំនោះទេ” ។
![](https://lookingtoday.com/wp-content/uploads/2025/01/677e287256cf8_1736321100_large-695x1024.jpg)
មួយវិញទៀត គ្រួសាររបស់លោក Elon Musk មានទំនាក់ទំនងជ្រាលជ្រៅ នៅទីក្រុង Liverpool ដោយសារតែលោកយាយ ខាងឪពុករបស់ លោក Musk បានកើតនៅទីក្រុងអង់គ្លេសមួយនេះ មុនពេលដែលបានផ្លាស់ប្តូរទៅរស់នៅ អាហ្វ្រិកខាងត្បូង។
ណាណាមិញ ការបង្ហាញអំពីចំណាប់អារម្មណ៍របស់ ម្ចាស់ក្រុមហ៊ុន Tesla រូបនេះ អាចនឹងធ្វើឱ្យ Fenway Sports Group ដែលជាម្ចាស់ភាគហ៊ុនរបស់ Liverpool តម្លើងថ្លៃ លក់ក្លឹបនេះ។
![](https://lookingtoday.com/wp-content/uploads/2025/01/677e287488cf8_1736321100_large-1024x640.jpg)
គួរឱ្យដឹងថា នេះមិនមែនជាលើកទី១ ទេ ដែល Elon Musk បង្ហាញអំពីគោលបំណង បោះលុយវិនិយោគលើវិស័យបាល់ទាត់។ ជាក់ស្តែង កាលពីឆ្នាំ ២០២២ កន្លងទៅ មហាសេដ្ឋីលុយវាល់លានរូបនេះ ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ ទិញយកក្លឹបបិសាចក្រហម Manchester United ផងដែរ៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)