ភ្នំពេញ៖ លោក បែ មករា សមាជិកគណៈអចន្រៃ្តយ៍សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងនាយកកម្មវិធីកីឡាបានមានប្រសាសន៍ថា ក្នុងនាមលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន ស.ស.យ.ក ភ្នំពេញ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមតេក្វាន់ដូរាជធានីភ្នំពេញ ដែលបានខិតខំរៀបចំកម្មវិធីប្រកួតនេះឡើងដើម្បីផ្តល់ឱកាសដល់ប្អូនៗកីឡាករ-កីឡាការិនី ជាទំពាំងស្នងឬស្សីជំនាន់ក្រោយចូលរួមប្រកួតប្រជែងក្នុងការបណ្តុះនូវមនសិកា និងឆន្ទៈលើកស្ទួយវិស័យកីឡានៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន ដើម្បីឈានទៅកាន់ប្រកួតនានាទាំងកម្រិតជាតិ និងអន្តរជាតិ។

លោក បែ មករា បានលើកឡើងក្នុងឱកាសពីប្រគល់ជយលាភី និងប្រកាសបិទជាផ្លូវការការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ លើកទី១ ឆ្នាំ២០២៥ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៥ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក៏មានការអញ្ជើញចូលរួមកិត្តិយសពីសំណាក់ លោក បណ្ឌិត ជ័យ ចាប ប្រធានសមាគមកីឡាតេក្វាន់ដូ WT កម្ពុជា និងលោក ឈុន ចាន់ធូ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

លោកនាយកកម្មវិធីកីឡាបានបញ្ជាក់ថា ការប្រកួតនេះក៏ជាយានចម្លងមួយដ៏មានសក្តានុពលក្នុងការរុញច្រានកីឡាករ កីឡាការិនី ឱ្យបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់ ពង្រឹងសមត្ថភាព កាយសម្បទា បញ្ញាស្មារតី និងភាពអង់អាចក្លាហាន ដើម្បីឈានទៅចាប់យកអាជីពជាកីឡាករ កីឡាការិនីជម្រើសជាតិ ឬក្លាយ ជាគ្រូបង្វឹកនាពេលអនាគត។ ដើម្បីសម្រេចនូវក្តីប្រាថ្នាក្នុងការប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាល នីតិ កាលទី៧ នៃរដ្ឋសភា នៅតែបន្តផ្តោតលើ «កត្តាមនុស្ស» ជាចម្បង ដែលនឹងបន្តជំរុញការអភិវឌ្ឍមូលធន មនុស្ស។

ដូច្នេះទន្ទឹមការហ្វឹកហ្វាត់យ៉ាងយកចិត្តទុកដាក់របស់ក្រុមអត្តពលិកដើម្បីទទួលបាននូវសុខភាពបានល្អប្រសើរហើយ ប្អូនៗទាំងអស់គ្នាក៏ត្រូវបន្តខិតខំរៀនសូត្រ ដើម្បីពង្រីកនូវ ចំណេះដឹង និងពង្រឹងសមត្ថភាព ព្រមទាំងស្តាប់ដំបូន្មានឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ ដើម្បីក្លាយជាមូលធន មនុស្សប្រកបដោយគុណភាព និងសក្តានុពលនាពេលអនាគតផងដែរ។ បន្ទាប់ពីប្អូនៗក្លាយជាមូលធនមនុស្ស ក្នុងសង្គមហើយ នោះប្អូននឹងមិនពិបាកស្វែងរកការងារធ្វើនោះឡើយ ប្អូនៗទៅដល់ទីណា ប្អូនៗអាចសម្របខ្លួន ជាមួយបរិយាកាសការងារបានយ៉ាងប្រសើរផងដែរ។

លោក បែ មករា បានបន្តថា ទន្ទឹមនឹងការអភិវឌ្ឍខ្លួនឲ្យក្លាយជាមូលធនមនុស្សនេះ យើងក៏ត្រូវចូលរួមសកម្មភាពការងារសង្គមដើម្បីទទួលបាននូវបទពិសោធ ចំណេះដឹង ជំនាញ សាមគ្គីភាព និងបណ្តុះនូវមនិសកាស្នេហាជាតិ ដោយ ឈរលើស្មារតី «ខ្មែរតែមួយ អនាគតតែមួយ» និង «ខ្មែរអាចធ្វើបាន»។ សកម្មភាពការងារសង្គម គឺជាចលនាចូល រួមដោយមិនប្រកាន់ជាតិសាសន៍ ជំនឿ សាសនា អាយុ ឋានៈ តួនាទី ក្នុងគោលដៅរួមគឺជួយសង្គមជាតិ។ ការងារសង្គមមានច្រើនប្រភេទដូចជា ការចូលរួមដាំកូនឈើ ការងារសប្បុរសធម៌ ការចូលរួមយុទ្ធនាការ ផ្សព្វផ្សាយផ្សេងៗមានប្រយោជន៍ដល់សង្គមជាតិ និងការចែករម្លែកក្តីស្រឡាញ់តាមរយៈអំណោយដល់អ្នកដែលមានជីវភាពលំបាកជាដើម។




ជាពិសេសនាពេលថ្មីៗ ក្រោមការដឹកនាំរបស់លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍ដ៏ធំមួយនៅរាជធានីភ្នំពេញ គឺ «ព្រឹត្តិការណ៍សាទរកម្ពុជា» ដែលព្រឹត្តិការណ៍បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួម ទស្សនាការដង្ហែរក្បួនពីមនុស្សជាង៣០០នាក់ បង្ហាញពីវប្បធម៌ អរិយធម៌ ការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា ក្នុងយុគសម័យទំនើប ដោយរក្សាបាននូវស្មារតី «អភិរក្ស និងអភិវឌ្ឍន៍»៕

ដោយ៖ លី ភីលីព
