កីឡា

លោក ផាត់ បញ្ញាសុជាតក៍ ៖ ការប្រកួតកីឡា លើកទម្ងន់ជើងឯក ថ្នាក់ជាតិ ជាការសម្រួចស្វែង រកធនធានឆ្ពោះ ទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩

ភ្នំពេញ ៖ លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា តាមរយៈការប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ជាការស្វែង រកធនធានឆ្នើមៗ ប្រចាំឆ្នាំ ជាពិសេសសម្រួចដល់ការស្វែង រកធនធានកីឡាករ-កីឡាការិនី វ័យក្មេងផងដែរ ក្នុងដំណើរត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ ។

លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា តំណាងលោកវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានលើកក្នុងឱកាសបិទការ ប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើង ឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ។

លោក ផាត់ បញ្ញាសុជាតក៍ បន្ថែមថា ការប្រកួតកីឡាលើកទម្ងន់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤នេះមានការរីកចម្រើន គួរឱ្យកត់សម្គាល់ តាមរយៈការបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែង មេដាយមកពីបណ្តាក្លឹបនានា ។ បច្ចុប្បន្ន កីឡាករ កីឡាការិនីលើកទម្ងន់ជម្រើសជាតិកម្ពុជា មានចំនួន១០នាក់ ហើយសហព័ន្ធកំពុងពិនិត្យមើលលទ្ធភាព និងស្នើសុំក្រសួងអប់រំ យុវជន និងកីឡាថា តើត្រូវជ្រើសរើសជម្រើសជាតិប៉ុន្មាននាក់ទៀត ដាក់បញ្ជូលក្រុមជម្រើសជាតិ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ ។ ជាមួយគ្នានេះ តាមរយៈជើងឯកថ្នាក់ជាតិ ឆ្នាំនេះ សហព័ន្ធក៏សម្រួចគោលដៅស្វែងរកធនធានកីឡាករ កីឡាការិនីវ័យក្មេងៗ ដើម្បីត្រៀមឆ្ពោះទៅប្រជែងមេដាយ ក្នុងនាមជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ នៅកម្ពុជាផងដែរ ។

លោក ផេង ប៉ាក អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានជម្រាបជូនថា ការប្រកួត ការប្រកួតកីឡាលើកទម្ងន់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានដំណើរការប្រកួតរយៈពេល៤ថ្ងៃពីថ្ងៃទី១០ដល់ទី១៣ ខែមករា ឆ្នាំ២០២៥ នៅសាលរោងដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានការចូលរួមពីមន្ត្រី បច្ចេកទេស ៣៩នាក់ ស្រី១១នាក់ (ITO ៣នាក់ NTO ១៩នាក់) និងមន្ត្រីជំនាញរួមចំណែកមួយចំនួន ។ ចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុប៤៩នាក់ (កីឡាការិនី ៩នាក់) ស្នាក់នៅមជ្ឈមណ្ឌលប្រមូលផ្តុំអត្តពលិក ជម្រើសជាតិចំនួន៣០នាក់ ពហុកីឡដ្ឋានមរតកតេជោ និងការហូបចុករៀបចំដោយសហព័ន្ធ ពិធីបិទប្រារព្ធធ្វើ ឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ។ ការប្រកួតនេះ មានការចូលរួមពីរាជធានី-ខេត្ត និងស្ថាប័ន-ក្រសួង សរុបចំនួន៨ ដែលមានអត្តពលិកចូលរួមចំនួន ៣៣នាក់ ស្រី ៩នាក់ ។

លោក ផេង ប៉ាក បានវាយតម្លៃថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺមន្ត្រីបច្ចេកទេស បានអនុវត្ត នូវការដឹកនាំបច្ចេកទេស និងការកាត់សេចក្តី ប្រកបដោយយុត្តិធម៌ មានតម្លាភាព ដែលធ្វើឱ្យលទ្ធផលការប្រកួត លើគ្រប់វិញ្ញាសាទាំង៨បានបញ្ចប់ដោយរលូន និងជោគជ័យ។ ជាលទ្ធផលបច្ចេកទេស ក្នុងចំណោមវិញ្ញាសា ចំនួន៨ គឺក្រសួងការពារជាតិ ដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយឈ្នះបានមេដាយមាស៧វិញ្ញាសា, ចំណាត់ថ្នាក់លេខ២ ខេត្តសៀមរាប ទទួលបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ ខណៈខេត្តកណ្តាល ឈរនៅចំណាត់ថ្នាក់លេខ៣ ដោយដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១ ។ ចំពោះក្លឹបចំនួន៥ផ្សេទៀត ទទួលបានមេដាយប្រាក់ និងសំរឹទ្ធមួយចំនួន និងឈរនៅលេខរៀងបន្តបន្ទាប់។ បន្ថែមពីលើនេះ លោក ផេង ប៉ាក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែផ្តល់ថវិកា គាំទ្រប្រចាំឆ្នាំ ក្នុងការពន្លឿនការអភិវឌ្ឍ វិស័យកីឡាកម្ពុជាឱ្យកាន់តែល្អ ប្រសើរពីមួយទៅមួយឆ្នាំ ។

ក្នុងនាមសហព័ន្ធលោក ក៏បានថ្លែងអំណរគុណដល់លោកស្រី សុខ រក្សា នាយិកាក្រុមហ៊ុននាំចូលផលិតផល សាប៊ូកក់សក់ គ្រីអេតមី ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ជាផលិតផល និងថវិកាលើកទឹកចិត្ត តាមវិញ្ញាសាជ័យលាភីនីមួយៗ ។

លោកស្រី សុខ រក្សា បានបង្ហាញក្តីរីករាយ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ជាលើកដំបូង ក្នុងការប្រកួតកីឡា លើកទម្ងន់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤។ លោកស្រីនាយិការូបនេះ បានចាត់ទុកថា នេះការចូលរួមឧបត្ថម្ភលើកទឹកដល់កីឡាករ កីឡាការិនីមកពីបណ្តាក្លឹបនានា ក្នុងន័យរួមដំណើរជាមួយសហព័ន្ធ ក្នុងការផលិតធនធាន និងអភិវឌ្ឍជំនាញ ប្រភេទកីឡាអូឡាំពិកមួយនេះ នៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Most Popular

To Top