ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បើកការប្រកួតបាល់ទាត់វិលជុំ កុមារនិងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍មួយ បង្ហាញ ពីការចាប់ផ្តើម នៃរដូវកាលបាល់ទាត់ថ្មី ពោរពេញដោយការប្រកួត ប្រជែងដ៏អស្ចារ្យ និងស្វិតស្វាញជាច្រើនដោយមានគោលដៅ ជួយអភិវឌ្ឍទេពកោសល្យ កីឡាករកីឡា ការនីវ័យក្មេង និងរួមចំណែកដល់ភាព រីកចម្រើននៃសមត្ថភាព របស់ពួកគេ ក្រោមកិច្ចសហការ ដ៏យូរអង្វែងប្រកប ដោយផ្លែផ្កាសម្រាប់ ឆ្នាំទី៩ ររវាងក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA (ខេមបូឌា) និងអង្គការផ្កាយសមុទ្រ ។
ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នឹងប្រព្រឹត្តទៅនៅរាជធានីខេត្តចំនួន៣ផ្សេងគ្នាដូចជារាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ។ ព្រឹត្តិការណ៍បើកការប្រកួតលើកដំបូងប្រចាំឆ្នាំនេះបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅកីឡដ្ឋាន AIA Stadium, KMH Park នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ។ ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះ ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិអំណាចកុមារ និងយុវជន ដែលជួបប្រទះការលំបាក ។ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រើប្រាស់កីឡាបាល់ទាត់ជា វិធីសាស្ត្រ ដើម្បីជំរុញឱកាសទទួលបានការអប់រំប្រកបដោយគុណភាព និងការរៀនសូត្រ ជំនាញសំខាន់ៗ ។ ការប្រកួតនេះមិនត្រឹមតែ ជាការប្រកួត ប្រជែងនោះទេ តែវាជាឱកាសដ៏កម្រសម្រាប់កុមារ និងយុវជនរស់នៅក្នុងភាពក្រីក្រ ឲ្យអាចបង្កើនចំ ណេះដឹងទា ក់ទងនឹងជំនាញបំណិនជីវិត យល់ដឹងកាន់តែច្បាស់ពីបញ្ហា សង្គម និងទទួលបានភាពសប្បាយ រីករាយពីការលេងកីឡាទៀតផង ។
ក្រៅពីការហ្វឹកហាត់បាល់ទាត់ អង្គការផ្កាយសមុទ្រ ក៏បានផ្តល់ការបណ្តុះបណ្តាលអំពីជំនាញបំណិនជីវិតដល់ក្រុមអត្ត ពលិក។ គ្រូបង្វឹកបាល់ទាត់របស់អង្គការផ្កាយសមុទ្រ បង្កើតបរិស្ថានសុវត្ថិភាព ដើម្បីរៀនសូត្រ និង ពិភាក្សាអំពីបញ្ហាសង្គមគួរឲ្យព្រួយបារម្ភដែលកើតឡើងជុំវិញជីវិតកុមារ និងយុវជន ដូចជា ការប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសង និងសមភាពជាដើម ។ កុមារ និងយុវជនចូលរួមក្នុងព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ទទួលបានឱកាសដ៏សំខាន់ពីការប្រកួតប្រជែងក្នុងកម្មវិធីកីឡាផង និងសកម្មភាព ដែលជួយកសាង ជំនាញ ដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងភាពធន់ ទ្រាំផងដែរ ។
ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ ២០២៥ រួមមានថ្ងៃទី១២ ខែមករា ២០២៥ ព្រឹត្តការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នៅរាជធានីភ្នំពេញ។ ថ្ងៃទី២៦ ខែមករា ២០២៥ ព្រឹត្តការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នៅខេត្តកំពង់ធំ និងថ្ងៃទី២ ខែកុម្ភៈ ២០២៥ – ព្រឹត្តការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នៅខេត្តបន្ទាយមានជ័យ។ ជាសកម្មភាពមួយនៃព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ ២០២៥ អង្គការផ្កាយសមុទ្រនឹងផ្តល់ការបង្វឹក និងរៀបចំការប្រកួតដល់ក្រុមចំនួន ១៣៥ក្រុមក្នុងខេត្តទាំង៣នេះ ។ កីឡាករកីឡាការនីប្រមាណជាង ១,៨៦០ នាក់នឹងចូលរួមប្រកួតក្នុងប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ពេញមួយឆ្នាំ២០២៥ នេះ ។ កីឡាករ កីឡាការនីជាកុមារាកុមារីទៅតាមប្រភេទអាយុផ្សេងៗ ដូចជា៖ កុមារា និងកុមារីអាយុក្រោម ១៤ឆ្នាំ កុមារា និងកុមារីអាយុ ក្រោម ១០ឆ្នាំ កុមារាអាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំ នឹង ប្រកួតប្រជែងគ្នា ដណ្តើមយកជ័យ ជំនះជាម្ចាស់ជើងឯក ។ ក្រុមឈ្នះប្រចាំខេត្តទាំងបីនេះនឹងត្រូវទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ “AIA–ISF Grand Championship League” ។
អ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រប្រសាសន៍ថា កីឡាការនីឆ្នើមៗរបស់ពួកយើង និងមកពីបណ្តាអង្គការដៃគូ ចំនួន ២៤រូប ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុង កម្មវិធីបោះជំរំបាល់ទាត់ AIA-ISF Elite Football Camp ។ កម្មវិធីបណ្តុះបណ្តាលបាល់ទាត់ដ៏អស្ចារ្យនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន AIA Group និងដៃគូសកលរបស់ខ្លួនគឺ ក្លឹបបាល់ទាត់ Tottenham Hotspur Football Club ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែឧសភាខាងមុខ នៅកោះសាម៊ុយ ប្រទេសថៃ ។ កីឡាការិនីទាំងអស់នឹងចូលរួមរៀនសូត្រជាមួយនឹងគ្រូបង្វឹកល្បីៗនៃកម្មវិធីអភិវឌ្ឍបាល់ទាត់អន្តរជាតិ របស់ក្លឹបបាល់ទាត់ Tottenham Hotspur Football Club ដោយផ្តោតលើជំនាញគ្រប់គ្រងបាល់ បណ្តើរបាល់ និងស៊ុតបញ្ចូលទីជាដើម ។ លើសពីនេះដែរ កម្មវិធីនេះនឹងបង្រៀនកីឡាការនីទាំងនេះពីសារសំខាន់នៃ អាហារូបត្ថម្ភ ការធ្វើលំហាត់ប្រាណ និងគេងគ្រប់គ្រាន់ក្នុងការសម្រេចក្តីស្រមៃអាជីពបាល់ទាត់របស់ពួកគេ និងទទួលបានសុខភាពមាំមួន ។
ឆ្នាំ ២០២៥ នេះជាឆ្នាំទី ៩ ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានផ្តល់ការឧបត្ថម្ភគាំទ្រដល់ការរៀបចំប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះ ។ ក្នុងនាមជាម្ចាស់ជើងឯក ក្នុងវិស័យកីឡា និងអ្នកគាំទ្រយ៉ាងសកម្មចំពោះសុខភាព និងសុខុមាលភាព ការឧបត្ថម្ភជ្រោមជ្រែង រយៈពេលវែងមួយនេះគឺស្របទៅតាមគោលបំណងរបស់ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលជួយប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ និងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុងការជួយប្រជាជន ១ពាន់ លាននាក់នៅអាស៊ីឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ ២០៣០ ។
លោកស្រីបានបន្តថា ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះក៏ជាសកម្មភាពមួយរួម ចំណែកបន្ថែមលើយុទ្ធនាការ “ជីវិត១ សុខភាព១” មានពាក្យស្លោក “ថែរក្សាឲ្យល្អ រស់នៅដោយ រីករាយ” របស់ក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលបង្កើតឡើង ដើម្បី លើកទឹកចិត្តប្រជាជនកម្ពុជា រីករាយនឹងជីវិតឲ្យកាន់តែប្រសើរ ដោយផ្តោតលើការថែរក្សាសុខភាព ជាកត្តាកំណត់សុខ និងទុក្ខនៃជីវិត ។
ចាប់តាំងពីការចាប់ផ្តើមនៃកិច្ចសហការនេះ អង្គការបានសម្រេចនូវសមិទ្ធិផល ដ៏ធំគឺពង្រីកវិសាលភាព នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ ទៅកាន់ខេត្តនានាទូទាំង ប្រទេសកម្ពុជា ដើម្បី ផ្តល់ឱកាសដល់កុមារ និងយុវជនកាន់ច្រើនថែមទៀត ។ គួបផ្សំជាមួយនឹង កម្មវិធីសិក្សា បាល់ទាត់ ដើម្បីផលវិជ្ជមានសង្គម អង្គការផ្កាយសមុទ្រកំពុងតែផ្តល់ឱកាសស្មើៗគ្នា លើកកម្ពស់ការអភិវឌ្ឍ ជំនាញបំណិនជីវិត និងនាំមកនូវភាពសប្បាយរីករាយដល់កុមារ និងយុវជនជាច្រើននាក់នៅកម្ពុជា ៕